នាយករដ្ឋមន្ត្រីវៀតណាមនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ មិញហ៊ីង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩ ដល់ទី១០ ខែតុលា ឆ្នាំ២០២៦ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦ តុលា ឆ្នាំ២០២៦ បានលើកឡើងថា ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ឡេ មិញហ៊ឹង នឹងចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតនៅក្នុងព្រះបរមរាជវាំង ។
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់រួម ។
ទស្សនកិច្ចរបស់ ឯកឧត្តម ឡេ មិញហ្នឹង នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធិរវាងកម្ពុជា និងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់អំពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ៕

ចែករំលែកព័តមាននេះ