ខេត្តកំពង់ឆ្នាំងទទួលបានអំពូលភ្លើងសូឡាប្រមាណ២០០០ដើម ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវជាតិលេខ៥
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (Solar) នៅតាមបណ្តាញផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។ ពិធីនេះ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង, ឯកឩត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ ប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ លើកឡើងថា គម្រោងដំឡើងអំពូលភ្លើងសាធារណៈនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់អគ្គិសនីកម្ពុជា (EDC) ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពខេត្ត និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពល រដ្ឋ ។ ដោយឡែក សម្រាប់អំពូលភ្លើងចាស់ ត្រូវស្នើសុំយកមកបំពាក់ក្នុងខេត្តវិញ ។

អភិបាលខេត្តកំពង់ឆ្នាំង បានអរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គិសនីកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រគម្រោងដ៏មានសារសំខាន់នេះ។ គូសបញ្ជាក់ថា ការបំពាក់ប្រព័ន្ធអំពូលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ចាប់ពីចំណុចព្រំប្រទល់ខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្តពោធិ៍សាត់ មានចំងាយផ្លូវ១០០គីឡូម៉ែត្រ និងប្រើប្រាស់បង្គោលប្រហែល២០០០ដើម ។

ការបំពាក់អំពូលសូឡាមិនត្រឹមតែជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទប់ស្កាត់បទល្មើសផ្សេងៗនៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការសន្សំសំចៃថាមពលអគ្គិសនី និងការពារបរិស្ថានផងដែរ ។ គម្រោងនេះនឹងប្រែភូមិសាស្ត្រតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង ឲ្យមានពន្លឺភ្លឺច្បាស់ ផ្តល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍ ព្រមទាំងសម្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅសងខាងផ្លូវឲ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ៕








ចែករំលែកព័តមាននេះ