ត្រីប្រា១ក្បាល ទម្ងន់ជាង១០០គីឡូ ត្រូវអ្នកភូមិចាប់បានក្នុងទឹកប្រឡាយ ខណៈអាជ្ញាធរត្រៀមយកទៅលែង ដើម្បីអភិរក្ស
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ត្រីប្រា១ក្បាល ប្រវែងជាង២ម៉ែត្រ ទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានប្រជានេសាទចោមរោមបង់សំណាញ់ចាប់បានក្នុងប្រឡាយមួយកន្លែង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ប្រជានេសាទបានឱ្យដឹងថា ត្រីប្រា១ក្បាល ដែលប្រជានេសាទបង់សំណាញ់ចាប់បានមានប្រវែងជាង២ម៉ែត្រ ហើយមានទម្ងន់ជាង១០០គីឡូក្រាម ជាប្រភេទត្រីប្រាដ៏ធំ មិនដែលធ្លាប់មាននិងចាប់ឡើយ ទើបចាប់បានលើកទីមួយនេះ។
ប្រជានេសាទបានបញ្ជាក់ថា ត្រីប្រា១ក្បាលនេះ ត្រូវបានប្រជានេសាទបង់សំណាញ់ប៉ះនៅវេលាម៉ោង១០ព្រឹកថ្ងៃនេះតែម្តង ប៉ុន្តែដោយនឹកស្មានថាជាសត្វក្រពើ ក៏បានរាយការណ៍ជូនអាជ្ញាធរត្រៀមកម្លាំងចាប់ លុះពេលបង់សំណាញ់ជាប់ ហើយនាំគ្នាបង់សំណាញ់បន្ថែម១សំណាញ់ទៀត នាំគ្នាចោមរោមចាប់ ទើបដឹងថាជាត្រីប្រា ក៏នាំគ្នាសែងជិត១០នាក់ឡើងគោក មិនចង់រួច។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មិនដែលធ្លាប់ឃើញ ហើយក៏មិនដែលធ្លាប់មានត្រីប្រាធំបែបនេះនៅតំបន់នេះទឹកប្រឡាយជម្រៅប្រមាណជាង២ម៉ែត្រ មានត្រីប្រាដ៏១ក្បាល ទម្ងន់ជាង១០០គីឡូក្រាមបែបនេះ ហើយអាចយកទៅលែងក្នុងស្រះ ឬអាងនៅតំបន់បឹងជម្រុក ដើម្បីអភិរក្ស ព្រោះកម្រ មិនដែលធ្លាប់ឃើញត្រីធំបែបនេះឡើយ ៕







ចែករំលែកព័តមាននេះ