ទីក្រុងវៀងចន្ទន៍ ៖ យោងតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីឡាវថ្មី លោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) ទៅកាន់សមាជិកសភាជាន់ខ្ពស់ បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសឡាវបានកើនឡើង ៤,៨% ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦។ ជាមួយកំណើននេះ លោកបានវាយតម្លៃខ្ពស់ទៅលើវិស័យកម្មន្តសាល វិនិយោគឯកជន អគ្គិសនី ពាណិជ្ជកម្ម និងសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Laotian Times ។
លោក សាលើមសៃ បានថ្លែងពីតួលេខនេះ កាលពីថ្ងៃទី៥ ខែតុលា ក្នុងថ្ងៃបើកសម័យប្រជុំលើកទី២ រដ្ឋសភាអាណត្តិទី១០ ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២១ ខែតុលា ស្របពេលលោកក៏ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃដដែលនោះផងដែរ ដើម្បីជំនួសលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ដែលបានក្លាយជាប្រធានសភាវិញ។
រដ្ឋាភិបាលឡាវរំពឹងថា កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ២០២៦ នឹងសម្រេចបាន ៥,១% ប៉ុន្តែតួលេខនេះ នៅតែមិនទាន់អាចឈានដល់គោលដៅ ៥,៥% ដែលបានកំណត់នោះទេ។ ទន្ទឹមនឹងនេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចឡាវនឹងមាន ៤,១% ប៉ុណ្ណោះ សម្រាប់ឆ្នាំនេះ ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថាមានត្រឹម ៤% ។
លំហូរទឹកប្រាក់វិនិយោគចូលមកក្នុងប្រទេសឡាវ បានជួយជំរុញដល់កំណើនសេដ្ឋកិច្ចនេះ។ លោក សាលើមសៃ បានថ្លែងថា លំហូរចូលនៃការវិនិយោគបានកើនឡើងហួសពីគោលដៅរដ្ឋាភិបាល ហើយមន្ត្រីជំនាញបានអនុម័តគម្រោងឯកជនថ្មីចំនួន ៤៥ គម្រោង មានតម្លៃសរុបជាង ១៩៣ ពាន់លានគីប ប្រមាណ ៨,៦លានដុល្លារអាមេរិក ដោយក្នុងនោះ ជាងពាក់កណ្តាលនៃគម្រោងសរុប ស្ថិតក្នុងវិស័យអគ្គិសនី និងការដ្ឋានសំណង់។
ដោយឡែក វិស័យរ៉ែ និងអគ្គិសនីក៏សម្រេចបានលទ្ធផលល្អប្រសើរផងដែរ។ ដូច្នេះដើម្បីរក្សាតម្លៃសេដ្ឋកិច្ចបន្ថែមឱ្យបានកាន់តែច្រើន រដ្ឋាភិបាលនឹងតម្រូវឱ្យគម្រោងរ៉ែថ្មីៗទាំងអស់ត្រូវសាងសង់រោងចក្រកែច្នៃ ដែលរដ្ឋាភិបាលរំពឹងថានឹងជួយកាត់បន្ថយការនាំចេញរ៉ែឆៅជាបណ្តើរៗ។
តាមទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៦ រដ្ឋាភិបាលឡាវប្រមូលចំណូលបានចំនួន ៦៧,៥ ពាន់លានគីប ឬស្មើនឹង ៣ លានដុល្លារអាមេរិក ដែលកើនឡើង ២៤,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋាភិបាលរំពឹងថានឹងប្រមូលបានចំនួនដល់ ៩១,៨ ពាន់លានគីប ឬ ៤,១ លានដុល្លារអាមេរិក នៅបំណាច់ឆ្នាំនេះ ដែលលើសពីផែនការកំណត់របស់ខ្លួន៕



ចែករំលែកព័តមាននេះ