សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីមានបំផុតលើពិភពលោក បានឃើញទ្រព្យសម្បត្តិកើនឡើងលើសពី ១ ទ្រីលានដុល្លារអាមេរិកសាជាថ្មីម្តងទៀត កាលពីថ្ងៃទី២ ខែតុលា ខណៈដែលភាគហ៊ុននៃក្រុមហ៊ុន SpaceX និង Tesla របស់លោកបានហក់ឡើងយ៉ាងខ្លាំង។
គិតត្រឹមព្រឹកថ្ងៃទី៦ ខែតុលា ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក អេឡុន ម៉ាសក៍ មានចំនួន ១,០៤ ទ្រីលានដុល្លារ ដែលកើនឡើង ៦៥,៣ ពាន់លានដុល្លារ ធៀបនឹងថ្ងៃទី២ ខែតុលា ជាថ្ងៃជួញដូរចុងក្រោយនៃទីផ្សារភាគហ៊ុន។
ការកើនឡើងដ៏សម្បើមនេះ បានជួយពង្រឹងឋានៈកំពូលមហាសេដ្ឋីសញ្ជាតិអាមេរិក វ័យ៥៥ឆ្នាំរូបនេះ បន្តជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយនាំមុខដាច់ឆ្ងាយពីលោក Jeff Bezos មហាសេដ្ឋីអាមេរិក ស្ថាបនិកក្រុមហ៊ុន Amazon ដែលឈរលំដាប់ថ្នាក់ទី ២ ជាមួយទ្រព្យសម្បត្តិ ៣៧១,១ ពាន់លានដុល្លារ។
បើតាម Bloomberg បានរាយការណ៍ថា លោក អេឡុន ម៉ាសក៍ បានក្លាយជាមហាសេដ្ឋីប្រាក់ទ្រីលានដុល្លារអាមេរិកដំបូងគេបង្អស់លើពិភពលោក កាលពីខែមិថុនាកន្លងទៅ នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានហក់ឡើងខ្ពស់ បន្ទាប់ពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) និងបំបែកកំណត់ត្រានៅពេលនោះ។
យ៉ាងណាមិញ លោកបានរបូតតំណែងនោះទៅវិញក្នុងពេលឆាប់ៗ ក្រោយតម្លៃភាគហ៊ុនបានធ្លាក់ចុះ ចំពេលមានការព្រួយបារម្ភពីការវាយតម្លៃក្រុមហ៊ុនខ្ពស់ហួសហេតុ។ ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិរបស់លោកបានខិតជិតដល់កម្រិតទ្រីលានដុល្លារវិញម្តងទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX និង Tesla បានស្ទុះងើបឡើងវិញ។ ជាអាទិ៍ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទី ៣ បានកើនឡើងលើសពីការរំពឹងទុករបស់អ្នកវិភាគ កាលពីសប្តាហ៍មុន ដែលបានជួយបង្កើនទ្រព្យសម្បត្តិរបស់លោកចំនួន ៦១ ពាន់លានដុល្លារ ត្រឹមតែ១ថ្ងៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន៕



ចែករំលែកព័តមាននេះ