ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដៃ​កូនតូច​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ត្រូវ​រថ​យន្ត​បុ.ក​ស្លា.ប់​ម្តាយ កូន​របួ.ស រួច​ម៉ូតូ​កិ.ន​​ពីលើ​ស.ព​ទៀត អ្នកបើក​ម៉ូតូ​របួ.សធ្ងន់

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​កូនប្រុស​តូច​អាយុ​៥​ឆ្នាំ​បាន​រង​របួសស្រាល ខណៈ​ដែល​ដឹក​ដៃ​កូន​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ត្រូវ​បាន​រថយន្ត​តា​កូម៉ា​​បុក​ស្លាប់ ហើយ​ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​លឿន​បើក​មក​កិន​សព​ថែម​ទៀត បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤០ ទៅ​លេខ​៤១​ត្រង់​ចំណុច​ក្នុងភូមិ​វ​ល្លិ៍​សរ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​១​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​តា​កូម៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BH-6920 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​បាន​រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ​រួច​) រថយន្ត​បាន​បើកបរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាងលិច ទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ មក​ដល់​ចំណុច​ខាងលើ​បាន​​បុកស្ត្រីម្នាក់​​ឈ្មោះ សូ ចំរើន អាយុ​៤១​ឆ្នាំ និងកូនប្រុស​​ឈ្មោះ អែម វុ​ទ្ធី អាយុ​៥​ឆ្នាំ ។ ​ជនរងគ្រោះ​​ទាំង​២នាក់​ រស់នៅ​ក្នុងភូមិ​ត្បែ​ស ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ត្បួ​ង​ទៅ​ជើង រួច​មក​ក៏​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ចាស់ ព​ណ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1P-4397 អ្នកបើកបរ​ឈ្មោះ ហ៊​ន ករុណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​ពី​លិចទៅ​កើត បានកិនសពស្ត្រីរងគ្រោះ​នៅ​លើ​ផ្លូវ​ថែម​ទៀត ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ បាន​ហៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​យុវជន​អ្នកបើកបរ​ម៉ូតូ​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។

ចំពោះ​សព​ស្ត្រី​រង​គ្រោះ​ខាងលើ នគរបាលបាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​ម៉ូតូ​រង​ការ ​ខូចខាត​១​គ្រឿង​កំរិត​ស្រាល ។

រថយន្ត​១​គ្រឿង​រង​ការ​ខូចខាត កំរិត​ស្រាល នគរបាល​បាន​យក​ទៅ រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​វ​ល្លិ៍​សរ បណ្ដោះអាសន្ន រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​