ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សា​រលើ​លើកគ្នា​មក​មុខ​សាលាខេត្ត​តវ៉ា​និង​សំណូម​ពរ​​មិ​ន​ឲ្យ​មានការ​ប្រគំ​តន្ត្រី​ដាក់​ស្តង់​លក់ទំនិញ

3 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជីវករ​ផ្សា​រលើ ខេត្តកំពង់ឆ្នាំង​ជា​ច្រើន​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០២៦ បាន​នាំ​គ្នា​មក​តវ៉ា និង​សំណូមពរ​ដល់​អភិបាលខេត្ត ស្នើ​សុំ​បញ្ឈប់​ការ​ឱ្យ​លេង​ការ​ប្រគំ​តន្ត្រី (​ខន​សឺត​) ខណៈ​ដែល​ជុំវិញ​បរិវេណ​សួនច្បារ​វិមាន​ឯករាជ្យ​ក្រុមហ៊ុនកំំ​ពុង​តែ​ញាប់​ដៃជើង​ដំឡើង​ស្តង់​លក់ទំនិញ​ច្រើន​ប្រភេទ និង​មួយវិញទៀត សំណូមពរ​ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់​ជុំវិញ​បរិវេណ​ផ្សា​រលើ ។

ក្រុម​អាជីវករ​ទាំងនោះ​បាន​លើក​ឡើង​ថា ខន​សឺត​ដែល​បាន​មក​លេង​ម្ដង​ៗ​បាន​ដំឡើង​ស្តង់​លក់ដូរ​អីវ៉ាន់​គ្រប់​ប្រភេទ ស្ទើរតែ​មួយ​ខែ ខន​សឺត​មក​លេង​២​ដង ហើយ​ក្នុង​១​ដង​យ៉ាងតិច​មួ​យស​ប្តា​ហ៍ ពិសេស ក្នុង​ខែ​បុណ្យ​ទាន ។ ក្រុម​អាជីវករ​ទាំងនោះ​លើក​ឡើង​ថា នៅ​រដូវ​បុណ្យ​ទាន បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ពួក​គាត់​ខំ​ចងការ​ប្រាក់ ទិញ​អីវ៉ាន់​មក​ដាក់​លក់ដូរ ប៉ុន្តែ​ប្រសិនបើ​មាន​ខន​សឺត ពួក​គាត់​លក់​មិន​ដាច់​ដើរ​ពួក​គាត់​សង្ឃឹម​អី ។ អាជីវករ​ម្នាក់​ៗ​ស្ទើរ​ដាច់​បាយ​ហើយ ព្រោះ​ចម្ងាយ​ស្តង់​លក់ដូរ​របស់​ខន​សឺត និង​ផ្សា​រលើ​ប្រហែល​៥០​ម៉ែត្រ​ពី​គ្នា​តែ​ប៉ុណ្ណោះ ។

មួយវិញទៀត ពេល​មានការ​ប្រគំ​តន្ត្រី​ម្ដង​ៗ សួនច្បារ​វិមាន​ឯករាជ្យ បាន​រង​ផល​ប៉ះពាល់​ដូច​ជា​ការ​បន្ទោ​របង់ ចាក់ទឹក​លាងចាន លាងដៃ និង​ខ្ទេច​ស្មៅ​ក្នុង​បរិវេណ​សួនច្បារ​ផងដែរ ។ ក្រុម​អាជីវករ​ផ្សា​រលើ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​ជុំវិញ​ផ្សា​រលើ​ផង ព្រោះ​មាន​អាជីវករ​មិន​ព្រម​ចូល​លក់ដូរ​ទីកន្លែង​ខ្លួន​នៅ​ខាងក្នុង​ផ្សារ​ទេ មក​លក់​ខាងក្រៅ​តាម​ថ្នល់ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ប៉ុណ្ណោះ​ទេ ធ្វើ​ឱ្យ​អ្នក​ដែល​លក់ដូរ​ខាងក្នុង​ដែល​មិន​ហ៊ាន​ចេញ​ក្រៅ​ក៏​លក់​មិន​ដាច់​ដែរ ។

ចំណុច​នេះ កោះសន្តិភាព​ធ្លាប់​ផ្សាយ​១​លើក​ជា​២​លើក​មក​ហើយ ជុំវិញ​ករណី​ការ​លក់ដូរ​គ្មាន​សណ្ដាប់ធ្នាប់​ជុំវិញ​ផ្សា​រលើ ដែល​ចុះ​រៀប​ម្ដង​ៗ​មិន​បាន​មួយ​ចំអិន​កំពឹស រួច​ក៏​ត្រឡប់​មក​លក់ដូរ​វិញ​ដដែល ។ ក្រុម​អាជីវករ​បាន​បញ្ជាក់​ទៀត​ថា សុំ​បញ្ឈប់​បិទ​មិន​ឱ្យ​លេង​ខនសឺត​នៅ​យប់​នេះ​តែ​ម្ដង ។

លោក ខឹ​ម នឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ក្រោយ​មាន​បញ្ហា​នេះ រដ្ឋបាល​សាលាខេត្ត​បាន​អនុញ្ញាត​ឲ្យ​អាជីវករ​ប្រមាណ​១០​នាក់​ចូល​ជួប​ពិភាក្សា និង​ដោះស្រាយ ។ ជា​លទ្ធផល លោក​បាន​បញ្ជាក់​ថា ខាង​សាលាខេត្ត​ស្នើ​សុំ​ពន្យារពេល​១​ថ្ងៃ ដើម្បី​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន (​ខន​សឺត​) ជា​លទ្ធផល​រង់ចាំ​ថ្ងៃស្អែក ។

ជុំវិញ​បញ្ហា​អាជីវករ​លក់ដូរ​ជុំវិញ​ផ្សារ កន្លង​មក ខាង​សាលាក្រុង​ធ្លាប់​អនុវត្ត​១​លើក​ជា​២​លើក​មក​ហើយ តែ​មិន​ទទួល​ជោគជ័យ មិនមែន​ថា មិន​គិតគូរ​នោះ​ទេ ដោយហេតុ​នេះ ខាង​សាលាខេត្ត និង​រៀបចំ​ប្រជុំ​បង្កើត​គណៈកម្មការ​ថ្នាក់​ខេត្ត ដើម្បី​រៀបចំ​សណ្ដាប់​ធ្នាប់​ជុំវិញ​ផ្សា​រលើ​ឡើង​វិញ ។ ក្រោយ​ស្ដាប់​ការ​បកស្រាយ​រួច​មក តំណាង​អាជីវករ​ទាំងនោះ ក៏​ទទួល​យល់ព្រម និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕