ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​តាមដាន និងវាយតម្លៃពីដំណើរការលក់ដូរនៅ «​ផ្សារ​បក្សី​» ក្នុងខេត្តតាកែវ​

3 ថ្ងៃ មុន
  • តាកែវ

ខេត្ត​តាកែវ​៖ នៅ​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ​២០២៦ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តតាកែវ សហការ​ជាមួយ រដ្ឋបាល​ក្រុង​ដូន​កែវ ទទួល ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​បំពេញ​បេស​ក កម្ម​អធិការកិច្ច និង​ទស្សនកិច្ច​របស់ លោកស្រី STEFANIA DINA នាយិកា​ផ្នែក​កសិកម្ម ចំណីអាហារ ធនធានធម្មជាតិ និង​អភិវឌ្ឍន៍ជនបទ (AFNR) នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំង​គណៈប្រតិភូ​អមដំណើរ នៅ​សាល​ប្រជុំ​រដ្ឋបាល​ក្រុង​ដូន​កែវ​។

នៅ​ក្នុង​ជំនួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​នេះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​មតិយោបល់​លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម សុវត្ថិភាព​ម្ហូបអាហារ និង​ការ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​។ បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ភា​ក្សា​នៅ​សាល​ប្រជុំ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុង ដែល​ដឹកនាំ​ដោយ លោក ឌឹ​ម គឹ​ម​សាន្ត អភិបាល​នៃ​គណៈ​អភិបាលក្រុង​ដូន​កែវ រួម​ជាមួយ លោក ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្តតាកែវ និង លោកស្រី STEFANIA DINA ព្រមទាំង​ក្រុមការងារ​បច្ចេកទេស បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ទស្សនកិច្ច​ផ្ទាល់​នៅ «​ផ្សារ​បក្សី​» ដែល​ស្ថិត​នៅ​ក្នុង​ផ្សារ​ធំ​តាកែវ ខេត្តតាកែវ​។

តាមការឱ្យដឹងពីរលោក ថៃ លី ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តតាកែវ ឱ្យដឹងថា ការចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីតាមដាន និងវាយតម្លៃពីដំណើរការលក់ដូរបច្ចុប្បន្នរបស់អាជីវករលក់ដូរសត្វបក្សី និងសាច់សត្វនៅក្នុង «ផ្សារបក្សី»។ ពិនិត្យមើលលទ្ធផលនៃការអនុវត្តគម្រោងដែលទទួលបានការគាំទ្រ និងឧបត្ថម្ភថវិកាពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ធនាគារវិនិយោគ​មួយ ។ ពង្រឹងការអនុវត្តបទដ្ឋានអនាម័យ សុវត្ថិភាពម្ហូបអាហារ និងការបង្ការជំងឺឆ្លងផ្សេងៗ ដើម្បីធានាសុខុមាល ភាពរបស់អ្នកបរិភោគ ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ក្រុម​អាជីវករ​ដែល​កំពុង​លក់ដូរ​នៅ​ក្នុង​ផ្សារ​បក្សី បាន​បង្ហាញ​នូវ​ក្តី​រំភើប​រីករាយ និង​សម្តែង​នូវ​​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​ដែនដី មន្ទីរ​កសិកម្ម ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​យកចិត្តទុកដាក់​រៀបចំ​ទីតាំង​លក់ដូរ​ឱ្យ​មាន​អនាម័យ របៀបរៀបរយ និង​មាន​សុវត្ថិភាព ដែល​ជួយ​ឱ្យ​ការ​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​កាន់តែ​មាន​ភាព​ងាយស្រួល និង​កើនឡើង​នូវ​ប្រាក់​ចំណូល ។

គណៈប្រតិភូ​ធនាគារ ADB និង​អាជ្ញាធរ​ដែនដី បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ និង​បាន​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ប្រែក្លាយ​ទីផ្សារ​ក្នុង​មូលដ្ឋាន​ឱ្យ​មាន​អនាម័យ សុវត្ថិភាព និង​បម្រើ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ខេត្តតាកែវ​ឱ្យ​កាន់តែ​រស់​រវើក​ ៕