ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​វៀតណាម​ ​ផ្តល់​អំណោយ​គម្រោង​សាងសង់​អគារ​ថ្មី និងជួសជុល​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ក្នុង​បរិវេណ “​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម​”

3 ថ្ងៃ មុន

ទីក្រុង​ហូ​ជី​មិ​ញ ​៖ អ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​អនុវត្ត​គម្រោង​សាងសង់ “​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម​” ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ នា​រសៀល​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៦ នាទី​ក្រុង​ហូ​ជី​មិ​ញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​អធិបតីភាព​​ឧត្តមសេនីយ៍ត្រី វ៉ូ វ៉ា​ន់​ឌៀ​ន មេបញ្ជាការ​យោធា​ទីក្រុង​ហូ​ជី​មិ​ញ តំណាង​ឱ្យ​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោក ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​ឱ្យ​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពី​ទីក្រុង​ហូ​ជី​មិ​ញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​យប់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៦នេះ​ ។

លោកស្រី​ បាន​បន្ត​ថា ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ដ៏​មាន​អត្ថន័យ​នេះ ​ឧត្តមសេនីយ៍ត្រី វ៉ូ វ៉ា​ន់​ឌៀ​ន មេបញ្ជាការ​យោធា​ទីក្រុង​ហូ​ជី​មិ​ញ បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​សម្រេច​ផ្តល់​អំណោយ​នូវ​គម្រោង​សាងសង់​អគារ​ថ្មី និង​ការ​ជួសជុល​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​ស្រាប់​ក្នុង​បរិវេណ “​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម​” រួម​មាន​៖ ការ​សាងសង់​បន្ទប់​សិក្សា​ថ្មី​ចំនួន ៨០ បន្ទប់ បន្ទប់ពិសោធន៍​ចំនួន ០១ និង​បន្ទប់​កុំព្យូទ័រ​ចំនួន ០១ សម្រាប់​សាលា​បឋម​សិក្សា​, សាងសង់​បន្ទប់​សិក្សា​ថ្មី​ចំនួន ២៤ បន្ទប់ បន្ទប់ពិសោធន៍​ចំនួន ០១ បន្ទប់​កុំព្យូទ័រ​ចំនួន ០១ សម្រាប់​សាលា​អនុ​វិទ្យាល័យ​, ជួសជុល​បន្ទប់រៀន​ដែល​មាន​ស្រាប់​ចំនួន ១៥ បន្ទប់​ នៅ​ក្នុង​អគារ​សម្តេច​តេ​ជោ​, សាងសង់​អគារ​កីឡា​ពហុ​បំណង​ចំនួន ០១ និង​អគារ​រដ្ឋបាល​រួម​ចំនួន ០១ (​សម្រាប់​សាលា​ទាំង​ពីរ​ថ្នាក់​) ព្រមទាំង​បំពាក់​សម្ភារ​បរិក្ខារ​ចាំបាច់​មួយ​ចំនួន​ទៀត​សម្រាប់​បម្រើ​ដល់​ការ​បង្រៀន និង​រៀន​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​សរុប​ប្រមាណ​ជាង ៥,៥០០នាក់ ​។

​ឧត្តមសេនីយ៍ត្រី ក៏​បាន​បន្ថែម​ទៀត​ថា គម្រោង​នេះ​នឹង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ៨លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​រយៈពេល​សាងសង់​ប្រមាណ ០១ឆ្នាំ ដែល​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូ​ជី​មិញជា​អ្នក​ទទួល​បន្ទុក​សាងសង់​។ ជាមួយ​គ្នា​ដែរ ដើម្បី​ឱ្យ​គម្រោង​អាច​ដំណើរការ​ទៅ​ដោយ​រលូន ឧត្តមសេនីយ៍ត្រី ក៏​បាន​ស្នើ​សុំ​ការ​សម្របសម្រួល​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លើ​ការងារ​ចាំបាច់​មួយ​ចំនួន​ផង​ដែរ ​។

លោកស្រី​អ្នកនាំពាក្យ​ បាន​បញ្ជាក់​ថា ជា​កិច្ច​ឆ្លើយ​តប លោក ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​សិទ្ធិ​ប្រទាន បាន​ជម្រាប​ជូន​ឧត្តមសេនីយ៍ត្រី​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បំពេញការងារ​ចាំបាច់​មួយ​ចំនួន​រួចរាល់ រួម​មាន​៖ ការ​រុះរើ​អគារ​ចាស់ ការ​រៀបចំ​ការដ្ឋាន កា​រត​ប្រព័ន្ធ​ទឹក ភ្លើង និង​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ដំណើរការ​ នៃ​ការ​អនុវត្ត​គម្រោង​សាងសង់​នេះ បើ​ទោះបីជា​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​លើ​ការ​អនុវត្ត​គម្រោង​នេះ​នៅ​មិន​ទាន់​បាន​ចុះហត្ថលេខា​ក៏​ដោយ​។ ហើយ​លោក​ផ្ទាល់ ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​ជួយ​ជំរុញ​ឱ្យ​ដំណើរការ ​នៃ​ការ​អនុវត្ត​គម្រោង​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ​តាម​ការ​គ្រោងទុក​ ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា ឆ្លៀត​ក្នុង​ឱកាស ​នៃ​ជំនួប​នេះ​ដែរ លោក​អភិបាល​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ សេចក្តី​នឹករលឹក និង​អំណរ​សាទរ​យ៉ាង​ថ្លៃថ្លា​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ ជូន​ចំពោះ ​ឧត្តមសេនីយ៍ត្រី ថ្នាក់ដឹកនាំ និង​នាយទាហាន​ទាំងអស់​ នៃ​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូ​ជី​មិ​ញ ក្នុង​ឱកាស​នៃ​ការ​អបអរសាទរ​ខួប​លើក​ទី ៨១ នៃ​ទិវា​បុណ្យ​ជាតិ​វៀតណាម ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការ​ទទួល​បាន​នូវ​ឯករាជ្យ​ភាព​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ជា​ពេលវេលា​ដ៏​មាន​សារៈសំខាន់ បញ្ជាក់​ពី​គំរូ​វីរភាព​ដ៏​អង់អាច​របស់​ថ្នាក់ដឹកនាំ និង​នាយទាហាន​វៀតណាម​គ្រប់​ជាន់ថ្នាក់​ក្នុង​ការ​ថែរក្សា​ការពារ​នូវ​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​សម្រាប់​ប្រទេស និង​ប្រជាជាតិ​របស់​ខ្លួន​ ៕