ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបង្ហាញឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌចំនួន ២ (១)- លេខ ១៤៤០ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខុសច្បាប់ និង (២)-លេខ ១៤៤៦ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីធ្វើចរាចរណ៍ និងសន្និធិអាវុធ ប្រព្រឹត្តនៅចំណុចឆ្នេរព្រែកចាក ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែសីហា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានជនសង្ស័យសរុបចំនួន ៩នាក់ ជាជនជាតិចិន ។
កិច្ចប្រតិបត្តិការបង្ក្រាបរបស់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន គឺបានសហការជាមួយកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បើកការស៊ើបអង្កេត ស្រាវជ្រាវ ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតឈានដល់បង្ក្រាបបានក្រុមជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ៩នាក់ រួមមាន ៖
១.ឈ្មោះ WANG YI FAN ភេទប្រុស អាយុ២០ឆ្នាំ,
២.ឈ្មោះ XU TAO ភេទប្រុស អាយុ២២ឆ្នាំ,
៣.ឈ្មោះ HAN YANG ភេទប្រុស អាយុ៣១ឆ្នាំ,
៤.ឈ្មោះ XIA QIAN FA ភេទប្រុស អាយុ២២ឆ្នាំ,
៥.ឈ្មោះ HONG PENG FEI ភេទប្រុស អាយុ៣០ឆ្នាំ,
៦.ឈ្មោះ LIU JIA ភេទប្រុស អាយុ៣៨ឆ្នាំ,
៧.ឈ្មោះ XIANG HUA ភេទប្រុស អាយុ២៥ឆ្នាំ,
៨.ឈ្មោះ SHENG ZHUANG ភេទប្រុស អាយុ៣១ឆ្នាំ
និង៩.ឈ្មោះ CHU WEN BIN ភេទប្រុស អាយុ៣៩ឆ្នាំ ។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងចាប់យកជា ៖
(១)-សារធាតុញៀន ទម្ងន់ ប្រមាណ ៩០០គីឡូក្រាម (ប្រភេទកេតាមីន),
(២)-អាវុធវែង-ខ្លី ចំនួន ៤៩ដើម (អាវុធវែង ១០ដើម និងអាវុធ ខ្លី ៣៩ដើម),
(៣)-សម្ភារពាក់ព័ន្ធនឹងអាវុធ (បង់អាវុធ ចំនួន ១០៨បង់, គ្រាប់អាវុធ ចំនួន ៧៩៣៧គ្រាប់ និង ស៊ីឡង់ស្ពឺ ចំនួន ៨ដើម),
(៤)-មធ្យោបាយធ្វើដំណើរ និងដឹកជញ្ចូន (អូប័រ ១គ្រឿង បំពាក់ម៉ាស៊ីនចំនួន ៣, រថយន្ត ២គ្រឿង និងម៉ូតូ ៣គ្រឿង)
និង (៥)-វត្ថុចាប់យកផ្សេងៗទៀតបម្រើឱ្យសកម្មភាពល្មើសខាងលើ ។
ក្រោយពីតំណាងអយ្យការបានពិនិត្យសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធក្នុងករណីនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ចំនួន ៩នាក់ ខាងលើ ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងសន្និធិអាវុធ គ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨ កថាខណ្ឌទី ២, កថាខណ្ឌទី ៣, កថាខណ្ឌទី ៦ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៤៨៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងបក្ខពួកមួយចំនួនទៀត (កំពុងរត់គេចខ្លួន) ពីបទ ផ្តើមគំនិត និង សមគំនិត (ក្នុងបទល្មើសខាងលើ) តាមបញ្ញត្តិមាត្រា ២៨ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ បញ្ចូនទៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១២១០ អ.យ.ឆ/២៦ និងលេខ ១២១១ អ.យ.ឆ/២៦ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
បន្ថែមពីការចោទប្រកាន់ខាងលើ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេចឃាត់ទុកទ្រព្យ សម្បត្តិជាបណ្តោះអាសន្ន នូវគណនីធនាគារ, អូប័រ, រថយន្ត និងម៉ូតូ ដែលមានតម្រុយសង្ស័យថា ជាទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផល នៃបទល្មើសសម្អាតប្រាក់ ៕


















ចែករំលែកព័តមាននេះ