ប្រទេសវៀតណាម៖ រន្ទះបានបាញ់ចំកន្លែងចិញ្ចឹមជ្រូកមួយនៅខេត្ត Nghe An ភាគកណ្តាលខាងជើងប្រទេសវៀតណាម បណ្តាលឱ្យជ្រូក ៥០ក្បាលងាប់ទាំងអស់ ខណៈសត្វទាំងនេះគ្រោងនឹងលក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការខាតបង់ត្រូវបានប៉ាន់ស្មានប្រមាណ ១១,៥៥០ដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី៤ ខែតុលា នៅភូមិ Tung Phuc ខណៈមានភ្លៀង និងផ្គររន្ទះ។ ជ្រូកទាំង ៥០ក្បាលត្រូវបានម្ចាស់ចិញ្ចឹមអស់រយៈពេលជិត ៤ខែ ហើយមួយក្បាលមានទម្ងន់ជាង ១១០គីឡូក្រាម។
ម្ចាស់កសិដ្ឋាន បានឱ្យដឹងថា គ្រួសារបានចំណាយថវិកា និងពេលវេលាជាច្រើនក្នុងការចិញ្ចឹមជ្រូកទាំងនេះ ដោយគ្រោងលក់ដើម្បីយកប្រាក់មកសងចំណាយ និងបន្តការចិញ្ចឹម។ ប៉ុន្តែរន្ទះបាញ់តែមួយលើកបានធ្វើឱ្យបាត់បង់ជ្រូកទាំងអស់។
តាមអ្នកជំនាញអាកាសធាតុក្នុងខេត្ត Nghe An ភ្លៀង ព្យុះផ្គរ និងរន្ទះបានកើតឡើងខ្លាំងនៅថ្ងៃកើតហេតុ ដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ត្រជាក់។ គ្រួសាររបស់គាត់ បានចិញ្ចឹមជ្រូកជិត ៩ឆ្នាំមកហើយ ប៉ុន្តែការខាតបង់លើកនេះ ត្រូវបានចាត់ទុកថាជាការខាតបង់ធ្ងន់ធ្ងរបំផុតដោយសារគ្រោះធម្មជាតិ៕
ចែករំលែកព័តមាននេះ