ខេត្តតាកែវ ៖ ជួបជាមួយកោះសន្តិភាព លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានអោយដឹងថា ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកអង្គរបូរី សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានចុះអន្តរាគមន៍ភ្លាមៗ ដោយបានបញ្ជូនគ្រឿងចក្រចុះកាយ ឈូសឆាយ និងកែសម្រួលផ្លូវលំមួយខ្សែប្រវែង ១,៧០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ។
ប្រតិបត្តិការចុះពិនិត្យ និងដឹកនាំការដ្ឋានជួសជុលផ្លូវលេខ ១TK៨ នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ហើយលោកអភិបាលស្រុកអង្គរបូរី ដឹកនាំចុះពីនិត្យការឈួសឆាយដោយផ្ទាល់ ។
លោក កង អាណាន់ បានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការលំបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយសារស្ថានភាពផ្លូវខូចខាតខ្លាំង លោកបានដឹកនាំក្រុមការងារបច្ចេកទេស ចុះសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងជាប្រញាប់ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ ភ្លាមៗនោះ រដ្ឋបាលស្រុក និងមន្ទីរជំនាញ បានបញ្ជូនគ្រឿងចក្រមកកាន់ទីតាំង ដើម្បីធ្វើសកម្មភាពកៀកិន និងកែសម្រួលគ្រឹះផ្លូវឡើងវិញ ៕






ចែករំលែកព័តមាននេះ