ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែកញ្ញា​ មាន​គ្រោះ​អគ្គិភ័យ​៤៦​ករណី ខូចខាត​យ៉ាង​ហោច​ណាស់​ផ្ទះ​ពលរដ្ឋ​ជិត​៤០​ខ្នង

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​រយៈពេល​ពេញ​មួយ​ខែកញ្ញា​ កន្លង​ទៅ​នេះ នៅ​ទូ​ទាំង​ប្រទេស មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ បើ​ទោះបីជា​ចូល​ដល់​រដូវវស្សា​ក៏​ដោយ​ ។

យោង​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា បើ​គិត​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ទូ​ទាំង​ប្រទេស មាន​ករណី​អគ្គិភ័យ​កើតឡើង​សរុប​ចំនួន​៤៦​ករណី និង​បណ្ដាល​ឱ្យ​មានការ​ខូចខាត និង​ប៉ះពាល់​ជា​ច្រើន​ ។

បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ គ្រោះ​អគ្គិភ័យ​ទាំងនោះ បាន​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​៣៩​ខ្នង ឃ្លាំង​៦​ខ្នង រោង​៣​ខ្នង ហាង​លក់ទំនិញ​១​កន្លែង តូប​១ ព្រះ​វិហារ​១ កុដិ​១ រោង​សិប្បកម្ម​១​ខ្នង រោង​ស​ម្ងួ​ត​ស្រូវ​១​ខ្នង ឡ​ដុត​កម្ទេច​រណា ១​កន្លែង សាលាឆាន់ ១​ខ្នង គំនរ​សម្រាម​១​កន្លែង ​។

របាយការណ៍​ដដែល ​បានឱ្យ​ដឹង​ទៀត​ថា ករណី​អគ្គិភ័យ​ទាំងនោះ មាននៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី សៀមរាប បាត់ដំបង ព្រះ​សីហ​នុ ឧត្តរមានជ័យ កណ្ដាល ស្វាយ​រៀង កំពង់ធំ តាកែវ និង​ខេត្តព្រៃវែង​ ។

របាយការណ៍​បាន​ទាញ​ចំណាប់​អារ​ម្មណ៍ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត​ចំពោះ​គ្រោះ​អគ្គិភ័យ ទោះបីជា​បច្ចុប្បន្ន​ស្ថិត​ក្នុង​រដូវវស្សា​ក៏​ដោយ ជា​ពិសេស​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ទាំង​នៅ​តាម​ខ្នង​ផ្ទះ ទី​សក្ការៈ និង​វត្ត​អារាម​ជាដើម​ ។

ក្នុង​ករណី​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង សូម​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រញាប់​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ ១១៨ ឬ​តាម​កម្មវិធី​តេ​ឡេ​ក្រាម ១១៨ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​ជំនាញ ឬ​រាយការណ៍​បន្ទាន់​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​ ៕