ក្មួយប្រុសស.ម្លា.ប់ម្ដាយមីង ប្ល.ន់យកលុយ និងគ្រឿងអលង្ការ ដោយសារចាញ់ល្បែងអនឡាញ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ស្ត្រីក្រមុំចាស់ម្នាក់ រស់នៅថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចម្ការលើ បានបាត់ខ្លួនចេញពីផ្ទះប្រហែលកន្លះខែ ទើបក្រុមសាច់ញាតិតាមស្វែងរកឃើញ តែបានក្លាយជាសាកសពទៅហើយកប់នៅក្នុងដីជម្រៅប្រហែលកន្លះម៉ែត្រ មានសភាពហើមក្លិនស្អុយ គ្មាននរណាម្នាក់បានដឹងនោះទេ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹង កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ថា អ្នករងគ្រោះឈ្មោះនួន ស៊ីណែត អាយុ៤៣ឆ្នាំ ជាក្រមុំចាស់ ដោយមានសតិមិនគ្រប់ដប់នោះទេ បានបាត់មិនឃើញមកផ្ទះវិញសោះ តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយពុំដឹងទៅទីណាពិតប្រាកដ ហើយក្រុមសាច់ញាតិបានតាមរកគ្រប់ទីកន្លែង តែគ្មានដំណឹង ចុងក្រោយបានប្ដឹងមកប៉ុស្តិ៍រដ្ឋបាលស្វាយទាប ដើម្បីឲ្យជួយអន្តរាគមន៍តាមស្វែងរក ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រោមកិច្ចសហការគ្រប់លំដាប់ថ្នាក់បានតាមរុករកជាមួយនោះ នៅចុងក្រោយថ្ងៃទី១៨ ខែកញ្ញា បានឆែកតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យឈ្មោះថៃ ម៉េងលី ហៅបូ អាយុ៣២ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាកC125 ឌុបជនរងគ្រោះតាមដងផ្លូវលេខ៧១ តែមិនដឹងគោលដៅទៅពីណាពិតប្រាកដ ។ បន្ទាប់មកក្រុមសាច់ញាតិអ្នករងគ្រោះ បានបង្ហោះរូបភាពតាមបណ្ដាញសង្គម ដើម្បីស្វែងរកស្ត្រីឈ្មោះស៊ីណែត ដែលបានបាត់ខ្លួននោះ ទោះជាយ៉ាងណាក៏ដោយ នៅតែមិនបានទទួលដំណឹងណាមួយ ចំណែកសមត្ថកិច្ចវិញក៏បានស្វះស្វែងតាមរកគ្រប់ច្រកល្ហក នៅតែមិនមានដំណឹង ។

មានពេលមួយនោះ បងប្រុសបង្កើតរបស់ស្ត្រីរងគ្រោះក៏បានអុជធូបបួងសួង ដើម្បីឱ្យរកប្អូនស្រីរបស់ខ្លួនឃើញវិញ ក្នុងពេលដែលដេកលក់មួយភាំង ស្រាប់តែសុបិនឃើញថា ប្អូនស្រីនៅក្រោយផ្ទះរបស់ជនសង្ស័យឈ្មោះបូ ហើយក្រុមសមាជិកគ្រួសារ បាននាំគ្នាដើរតាមរកពីកន្លែងមួយទៅកន្លែងមួយដល់ចម្ការដំឡូងចម្ងាយប្រមាណ២០០ម៉ែត្រ ក៏ប្រទះឃើញស្នាមចាក់បេតុងពីលើថ្ម គួរឱ្យសង្ស័យ លុះពេលដែលនាំគ្នាជីកកាយដី ស្រាប់តែប្រទះឃើញសាកសពមានសភាពហើមជះក្លិនស្អុយទៅហើយ ។

មិនបង្អង់យូរ ក៏បានរាយការណ៍ជូនសមត្ថកិច្ចឱ្យបានដឹងនៅម៉ោង៥ល្ងាចថ្ងៃទី២ ខែតុលាឆ្នាំ២០២៦ គ្រានោះកម្លាំងនគរបាលស្រុកចម្ការលើ សហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានពិនិត្យ និងកោសល្យវិច័យសាកសពប្រទះឃើញក្បាលផ្នែកខាងក្រោយមានស្នាមវាយដោយឧបករណ៍រឹង ហើយស្ត្រីរងគ្រោះបាត់លុយមួយលានរៀល និងខ្សែកលោហៈធាតុមួយខ្សែទម្ងន់៥ជី តាមការសន្និដ្ឋានសពនេះ ត្រូវបានជនសង្ស័យសម្លាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា មកម្ល៉េះ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះបូ ជាឃាតករនៅកំលោះ ហើយគ្រួសារមានជីវភាពធូរធារ រាល់ថ្ងៃឪពុកម្ដាយកំពុងតែសាងសង់វីឡាមួយធំបានប្រមាណ៧០% ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ។

ចំពោះមូលហេតុនៃការស្លាប់នេះ ដោយសារតែជនល្មើសជាមនុស្សដែលផុងខ្លួនដោយល្បែងស៊ីសងតាម Online (ទូរសព្ទដៃ) ជំពាក់គេច្រើនគ្មានលុយសងគេ ទើបបានសម្រេចចិត្តលើកដៃសម្លាប់ម្ដាយមីងសាច់ថ្លៃ ដើម្បីប្លន់យកលុយនិងគ្រឿងអលង្ការ ។ក្រោយហេតុការណ៍កើតឡើង កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកចម្ការលើស្វែងរកចាប់ខ្លួន ជនសង្ស័យបានរត់គេចចេញពីផ្ទះ ដោយរូបគេបានយកកំប្រេសរុំក្បាលនៅគ្លីនិចឯកជនមួយកន្លែង ធ្វើជាគ្រោះថ្នាក់ចរាចរណ៍ តែតាមពិតក្បាលពុំមានស្នាមរបួសឡើយ ។
លោកនួន សុផល អាយុ៥៨ឆ្នាំ រស់នៅឃុំស្ពឺ ស្រុកចំការលើ ត្រូវជាបងស្រីបង្កើតរបស់ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះថា គាត់មានបងប្អូនទាំងអស់ចំនួន៦នាក់ ក្នុងនោះ ប្អូនស្រីឈ្មោះនួន ស៊ីណែត ដែលស្លាប់គឺជាប្អូនពៅគេ ដែលមានសតិមិនគ្រប់ដប់នោះទេ ដោយរាល់ថ្ងៃប្រកបរបរកោសខ្យល់ឱ្យគេ រស់នៅជាមួយបងស្រីម្នាក់ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ។

អំឡុងពេលបាត់ប្អូនស្រី គាត់បានធ្វើដំណើរតាមរកនៅខេត្តកំពង់ធំ ខេត្តក្រចេះ ព្រមទាំងខេត្តផ្សេងទៀត តែមិនមានតម្រុយណាបន្តិចសោះ លុះមកដល់ថ្ងៃទី១ តុលា គាត់បានអុជធូបបួងសួង បើប្អូនស្រីស្លាប់ពិតមែន សូមមកពន្យល់សប្តិប្រាប់ឲ្យបានដឹង ។
ទីបំផុត ព្រលឹងប្អូនគាត់បានមកប្រាប់ថា នៅក្រោយផ្ទះគេ គាត់សន្និដ្ឋានថា នៅក្រោយផ្ទះរបស់ឈ្មោះបូ ហើយសមាជិកគ្រួសារប្រាំនាក់ បាននាំគ្នាដើរតាមរក នៅរសៀលថ្ងៃទី២តុលា ឆ្នាំ២០២៦ ក៏ប្រទះឃើញផ្នូរកប់សពដោយមានដាក់កម្ទេចថ្ម និងចាក់បេតុងពីលើ គ្រាហ៍នោះ បាននាំគ្នាគាស់ក៏ប្រទះឃើញអាវពណ៌លឿងចំណាំបានថា ពិតជាប្អូនស្រីគាត់ ករណីនេះ គឺសម្លាប់បំបិទមាត់ប្លន់យកលុយ និងគ្រឿងអលង្ការសរុបជាង៤លានរៀល ។
សពប្អូនស្រី ក្រោយពីសមត្ថកិច្ចបានពិនិត្យកោសល្យវិច្ច័យរួច ក៏បានប្រគល់និងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិថ្នល់បែកលិច ហើយនៅថ្ងៃទី៧ តុលា គឺដល់បុណ្យគម្រប់៧ថ្ងៃ។ គាត់សំណូមពរឱ្យផ្លូវច្បាប់ ជួយផ្ដន្ទាទោសឈ្មោះបូ អតីតពលករបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ពេលខាងមុខ បើចាប់បានសុំដាក់ពន្ធនាគារមួយជីវិត ។





ចែករំលែកព័តមាននេះ