អន្តរជាតិ ៖ បើតាមទិន្នន័យដឹកជញ្ជូនដែលបានបង្ហាញ នៅថ្ងៃទី៥ ខែតុលា បានបង្ហាញថា ការនាំចេញប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាបានកើនឡើងខ្ពស់ជាងកម្រិតមុនពេលមានសង្គ្រាម នៅក្នុងរយៈពេល ៤ ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា បើទោះបីជាមានការវាយប្រហារលើកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ក៏ដោយ។ នេះបើតាមការចេញផ្សាយពី Reuters ។
ទិន្នន័យបណ្តោះអាសន្នពីក្រុមហ៊ុនតាមដានកប៉ាល់ដឹកជញ្ជូន Kpler បានបង្ហាញថា ការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ា បានកើនឡើងលើសកម្រិតមុនសង្គ្រាម ពោលគឺនៅថ្ងៃទី ២៤ ខែកញ្ញា និងចន្លោះពីថ្ងៃទី ២៧ ដល់ទី ២៩ ខែកញ្ញា ដោយកើនឡើងដល់ចន្លោះពី ១៩,៥ លានបារ៉ែលក្នុងមួយថ្ងៃ ដល់ ២២,៥ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះជាការកើនឡើងពីការនាំចេញជាមធ្យមត្រឹមតែ ១៨ លានបារ៉ែលក្នុងមួយថ្ងៃ ចន្លោះពីខែមីនា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ពោលមុនសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានចាប់ផ្តើម។
ការកើនឡើងនេះ រួមបញ្ចូលទាំងការដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រហ័រមូស សមុទ្រក្រហម ការនាំចេញពីស្ថានីយផ្ទុក និងការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀតនៅក្នុងឈូងសមុទ្រអូម៉ង់។
ទិន្នន័យពី Kpler បានបង្ហាញថា ការបូកសរុបជារួមសម្រាប់ប្រេងឆៅ, ផលិតផលប្រេង, សារធាតុគីមី និងសារធាតុរាវមិនមែនជាឧស្ម័នមានជាមធ្យម ២២,៤ លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងរយៈពេល ៧ ថ្ងៃ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។ ចំណែកចំនួនកប៉ាល់ដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ដែលចាកចេញពីច្រកសមុទ្រហ័រមូស ក៏បានកើនឡើងផងដែរនៅក្នុងខែកញ្ញា ដល់កម្រិតប្រចាំខែខ្ពស់បំផុត ចាប់តាំងពីខែកុម្ភៈមក។
ទោះយ៉ាងណាក៏ដោយ ចំនួនអាចច្រើនជាងនេះ ដោយសារតែតួលេខមិនបានរាប់បញ្ចូលរាល់កប៉ាល់ទាំងឡាយណា ដែលអាចឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយបិទឧបករណ៍បញ្ជូនសញ្ញានៃប្រព័ន្ធកំណត់អត្តសញ្ញាណកប៉ាល់ស្វ័យប្រវត្តិ ដើម្បីគេចពីការរកឃើញនោះឡើយ៕


ចែករំលែកព័តមាននេះ