ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ដឹង​ថា អនាគត​ចង់​ធ្វើ​អ្វី? ស្អែក​នេះ នឹងមាន​ចម្លើយ​ នៅ​វេទិកា​តម្រង់​ទិស​ជំនាញ​សិក្សា មុខរបរ និង​ការងារ នៅ​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ​បរ​សេដ្ឋ

2 អាទិត្យ មុន

​ខេត្តកំពង់ស្ពឺ​ ៖ សិស្សានុសិស្ស និង​អាណាព្យាបាល នឹង​មានឱកាស​ទទួល​បាន​ព័ត៌មាន និង​ចំណេះដឹង​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​គន្លង​អប់រំ ជំនាញ​វិជ្ជាជីវៈ មុខរបរ និង​តម្រូវការ​ទីផ្សារ​ការងារ តាម​រយៈ «​វេទិកា​តម្រង់​ទិស​ជំនាញ​សិក្សា មុខរបរ និង​ការងារ​» ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ នៅ​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ពី​ម៉ោង​ ៧:០០​ព្រឹក ដល់​ម៉ោង​ ១១:០០​ព្រឹក ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា វេទិកា​នេះ​មាន​សារៈសំខាន់​សម្រាប់​សិស្សានុសិស្ស ព្រោះ​ការ​ជ្រើសរើស​ជំនាញ​សិក្សា និង​អាជីព គួរតែ​ផ្អែក​លើ​ចំណង់​ចំណូលចិត្ត សមត្ថភាព និង​តម្រូវការ​របស់​ទីផ្សារ​ការងារ​​។

លោក​បាន​និយាយ​ថា​៖ «​ក្នុង​វេទិកា​នេះ យើង​ចង់ឱ្យ​សិស្សានុសិស្ស​បាន​ស្គាល់​ខ្លួនឯង ស្គាល់​ជំនាញ​ដែល​ខ្លួន​ចូល​ចិត្ត និង​ស្គាល់​ពី​ឱកាស​ការងារ​ដែល​មាននៅ​ក្នុង​ទីផ្សារ ដើម្បី​អាច​រៀបចំ​ផែនការ​សិក្សា និង​អាជីព​របស់​ខ្លួន​បាន​ច្បាស់លាស់​ជាង​មុន​» ​។

ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ បានឱ្យ​ដឹង​ថា វេទិកា​នេះ​មាន​គោលបំណង ជួយ​ឱ្យ​សិស្សានុសិស្ស​អាច​ស្គាល់​ពី​ចំណង់​ចំណូលចិត្ត បុគ្គលិកលក្ខណៈ និង​ទេព​កោសល្យ​របស់​ខ្លួន ព្រមទាំង​ទទួល​បាន​ព័ត៌មាន​អំពី​ជំនាញ និង​មុខរបរ​ដែល​មាន​តម្រូវការ​នៅ​ក្នុង​ទីផ្សារ​ការងារ ដើម្បី​អាច​រៀបចំ​ផែនការ​សិក្សា និង​កំណត់​គោលដៅ​អាជីព​របស់​ខ្លួន​បាន​កាន់តែ​ច្បាស់លាស់​ ។

តាម​រយៈ​វេទិកា​នេះ សិស្សានុសិស្ស​នឹង​ទទួល​បានការ​ណែនាំ​អំពី​គន្លង​អប់រំ​ទាំង​៣ ព័ត៌មាន​អំពី​ជំនាញ និង​មុខរបរ​ដែល​មាន​សក្តានុពល ព្រមទាំង​មានឱកាស​ស្វែង​យល់​ពី​ការ​បណ្តុះបណ្តាល​ជំនាញ និង​បទ​ពិសោធន៍​ជាក់ស្តែង​ពី​ស្ថាប័ន​អប់រំ និង​វិស័យ​ឯកជន ​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា កម្មវិធី​នេះ​សហការ​រៀបចំ​ដោយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស (TVET) មន្ទីរ​អប់រំ​យុវជន និង​កីឡា ស​.​ស​.​យ​.​ក វិស័យ​ការងារ និង​រដ្ឋបាល​ស្រុក​បរ​សេដ្ឋ ដែល​ចូលរួម​តាំង​បង្ហាញ​ពី​ក្រុមហ៊ុន​ធំ​ៗ ចំនួន ០៣​ ។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេ​សា បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ចូលរួម​ក្នុង​វេទិកា​ឱ្យ​បាន​កុះករ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ និង​រៀបចំ​ផែនការ​សិក្សា និង​អាជីព​នា​ពេល​អនាគត​បាន​ល្អ​។ សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ / ០៧៧ ២៣២ ៣៧៨ ឬ Hotline ១២៩៧ ៕ អត្ថបទសហការ