ករណីលើកដងទង់ប៉ះខ្សែភ្លើងមេ នៅវត្តបឹងកាចូត ព្រះសង្ឃ ១អង្គសុគត និង ៣នាក់រងរបួ.ស
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ករណីលើកបញ្ឈរបង្គោលដងទង់ នៅវត្តបឹងកាចូត បុរសម្នាក់ត្រូវបានអគ្គិសនីឆក់ បណ្ដាលឲ្យស្ពឹកជើងផ្នែកទាំងឆ្វេងកំពុងសម្រាកនៅមន្ទីរពេទ្យ ហើយអាការៈបានធូរស្រាលច្រើន ប៉ុន្តែមិនទាន់បានចេញពីមន្ទីរពេទ្យនៅឡើយ ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតកៀត តេង ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ឲ្យដឹងនៅវេលាម៉ោងប្រមាណ៩និង៣០ នាទីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ជាមួយនោះក៏បណ្ដាលឱ្យព្រះសង្ឃមួយអង្គសុគត ពេលដែលបញ្ជូនមកសង្គ្រោះ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ មានករណីខ្សែភ្លើង ឆក់នៅវត្តបឹងកាចូត ស្ថិតក្នុងភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខណៈពេលកំពុងតែលើកបញ្ឈរបង្គោលដងទង់ បណ្ដាលឲ្យរងរបួសមនុស្ស៤អង្គ/នាក់ ក្នុងនោះមានបុរសម្នាក់និងព្រះសង្ឃមួយអង្គត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ តែគ្រោះអកុសលដោយសារមានសភាពធ្ងន់ធ្ងរពេក ព្រះសង្ឃមួយអង្គក៏បានសុគត ខណ:ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា អ្នកដែលបានរងរបួសនៅក្នុងហេតុការណ៍នោះគឺមានរងរបួសស្រាលចំនួន០២អង្គ/នាក់ ក្នុងនោះព្រះសង្ឃ១អង្គរងរបួសធ្ងន់ធ្ងរ និងប្រជាពលរដ្ឋម្នាក់។
តាមប្រភពព័ត៌មានបានបន្តថា ព្រះសង្ឃព្រះនាម លោកតាឃុន ព្រីង ព្រះជន្មាយុ៦៣ព្រះវស្សា គង់នៅវត្តបឹងចូត និងជាងម៉ៅអាយុ៥៤ឆ្នាំ នៅភូមិបឹងកាចូត ត្រូវបានគេដឹកតាមរថយន្តមកសង្គ្រោះនៅមន្ទីរពេទ្យ ។ តែដោយសារចរន្តភ្លើងឆក់ខ្លាំងជាហេតុបណ្ដាលឱ្យព្រះសង្ឃគាំងបេះដូងមិនអាចសង្គ្រោះបាន ខណៈពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុក ចំណែកពលរដ្ឋដែលរងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យ ហើយត្រូវបានគ្រូពេទ្យកំពុងតាមដាននិងជួយសង្គ្រោះ ដើម្បីឱ្យផុតពីគ្រោះថ្នាក់ ។ ចំពោះមូលហេតុដោយសារ តែលើកដងទង់ទៅប៉ះនឹងខ្សែភ្លើងមេដែលរត់តាមបង្គោលមានតុងស្យុងខ្ពស់ទើបបណ្ដាលឱ្យឆក់យ៉ាងដូច្នេះហើយពីមុនមកមិនដែលមានហេតុការណ៍បែបនេះកើតឡើងនោះទេ។
សូមបញ្ជាក់ ព្រះសង្ឃព្រះនាមលោកតាព្រីង ដែលបានសុគត ត្រូវបានគណៈកម្មការវត្តបឹងកាចូត កំពុងតែរៀបចំធ្វើបុណ្យតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនានៅវត្តបឹងកាចូតតែម្ដង ៕



ចែករំលែកព័តមាននេះ