ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPEC+ ប្រកាស​មិន​បង្កើន​ទិន្នផល​ប្រេង​សម្រាប់​ខែវិច្ឆិកា ស្រប​ពេល​ទីផ្សារ​សកល​កំពុង​តានតឹង

3 អាទិត្យ មុន

អន្តរជាតិ ៖ បន្ទាប់​ពី​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៦ អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង និង​ប្រទេស​ជា​ដៃគូ OPEC+ បាន​ព្រមព្រៀង​គ្នា​រក្សា​កម្រិត​ផលិតកម្ម​ប្រេង​សម្រាប់​ខែវិច្ឆិកា​ឱ្យ​នៅ​ថេរ​ដដែល​។ ការ​សម្រេច​នេះ គឺ​ស្រប​ទៅ​នឹង​ការ​ព្យាករណ៍​របស់​អ្នក​សង្កេតការណ៍​ដែល​ថា OPEC+ នឹង​មិន​ធ្វើការ​កែសម្រួល​ណាមួយ​ឡើយ រហូត​ដល់​ដើមឆ្នាំ ២០២៧​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Reuters ។

សមាជិក​ស្នូល​ចំនួន ៧ រួម​មាន អា​រ៉ា​ប៊ី​សា​អូឌីត រុ​ស្ស៊ី អ៊ី​រ៉ា​ក់ កូ​វ៉ែត អាល់​ហ្សេ​រី កា​ហ្សា​ក់​ស្ថាន និង​អូ​ម៉​ង់ ព្រមទាំង​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត រួម​ទាំង​រុ​ស្ស៊ី​ផង​នោះ បាន​ធ្វើការ​សម្រេចចិត្ត​លើ​ទិន្នផល​ប្រេង សម្រាប់​ខែវិច្ឆិកា នៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ខ្លី​មួយ​កាលពី​ថ្ងៃអាទិត្យ​។

បណ្តា​ប្រទេស​ផលិត​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​នៃ​ក្រុម OPEC+ បាន​នឹង​កំពុង​បូម​ប្រេង​ក្នុង​កម្រិត​មួយ​ទាប​ជាង​គោលដៅ​ផលិតកម្ម​ច្រើន ដោយសារ​តែ​ការ​បន្ត​ភាព​រអាក់រអួល​លើ​ការ​នាំ​ចេញ ដែល​បណ្តាល​មក​ពី​សង្គ្រាម​សហរដ្ឋអាមេរិក​ជាមួយ​អ៊ី​ស្រា​អែ​ល ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ក្នុង​រង្វង់​ពី ៦០% ទៅ​ដល់ ៨០% នៃ​កម្រិត​ធម្មតា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។

លោក Giovanni Staunovo អ្នកវិភាគ​នៅ​ធនាគារ UBS បាន​លើក​ឡើង​ថា ចំណាត់ការ OPEC+ បាន​បង្ហាញ​ថា ទោះបីជា​លំហូរ​ប្រេង​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) មានការ​កើនឡើង​ក៏​ដោយ ក៏​ផលិតកម្ម​ជាក់ស្តែង​របស់​ពួក​គេ នៅ​តែ​មាន​កម្រិត​ទាប​ជាង​កូតា​កំណត់ ហើយ​ម្យ៉ាងទៀត មក​ពី​ទីផ្សារ​ប្រេង​នៅ​តែ​មាន​សភាព​តឹងតែង​នៅឡើយ​។

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​បន្តិច កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​បណ្តា​មេដឹកនាំ​អឺរ៉ុប​បាន​យល់ព្រម​តាម​សំណើ​របស់​ប្រធានា​ធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​ការ​បញ្ចេញ​ប្រេងម៉ាស៊ូត​ពី​ឃ្លាំង​បម្រុង​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រេង​ឆៅ​ប្រភេទ Brent ស្តង់ដា​អន្តរជាតិ នៅ​តែ​មាន​តម្លៃលើស​ពី ១០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​បារ៉ែល​ដដែល ពោល​កើនឡើង​ពី​ប្រហែល​ត្រឹម ៧៣ ដុល្លារ មុន​ពេល​សង្គ្រាម​អ៊ី​រ៉​ង់​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​កុម្ភៈ​។

គិត​ត្រឹម​ម៉ោង ២:២៥ រសៀល​ថ្ងៃ​ទី​៥ ខែតុលា (​ម៉ោង​នៅ​កម្ពុជា​) តម្លៃ​ប្រេង​ឆៅ Brent ឈរ​នៅ​តម្លៃ ១០១ ដុល្លារ​ក្នុង​មួយ​បារ៉ែល ចំណែក​ប្រេង​ឆៅ WTI របស់​សហរដ្ឋអាមេរិក តម្លៃ ៨៩,៩៤ ដុល្លារ​៕