ទីក្រុងប៉ារីស៖ នៅប្រទេសបារាំងកំពុងតែមានចលនាបាតុកម្មយ៉ាងពុះកញ្ជ្រោលពីសំណាក់សិស្សានុសិស្ស។ ថ្ងៃនេះ គេរំពឹងថាសាលាមធ្យមសិក្សារហូតដល់៥រយកន្លែងនៅទូទាំងប្រទេសបារាំងអាចនឹងបិទទ្វារដោយផ្នែក ឬបិទទ្វារទាំងស្រុងដោយសារពួកសិស្សកំពុងបំផុសចលនាស្រុះដៃគ្នា។ ចលនានេះកើតមានឡើងបន្ទាប់ពីមានការតវ៉ារហូតដល់ប៉ះទង្គិចគ្នាជាមួយនគរបាល ខូចខាតសាលារៀន និងមានអំពើហិង្សានៅតាមដងផ្លូវ។ ចលនាបាតុកម្មលើកនេះរីករាលដាលទៅដល់ទីក្រុងធំៗជាច្រើន។

ធុងសំរាម និងវត្ថុមួយចំនួនត្រូវបានគេដុតបំផ្លាញ គ្រឿងផ្ទុះត្រូវបានគេគប់គ្រវែងដាក់កងកម្លាំងសន្តិសុខ អគារ និងគ្រឿងសង្ហារិមត្រូវគេបំផ្លិចបំផ្លាញ។ ក្រសួងអប់រំប្រកាសកាលពីយប់មិញថាសាលារៀនអាចនឹងត្រូវបិទទ្វារទាំងស្រុង ឬអាចបើកទ្វារបង្រៀនដែរ ប៉ុន្តែបង្រៀនតិចតួចនៅក្នុងសាលាមធ្យមសិក្សាចន្លោះពី៤០០ទៅ៥០០កន្លែង។ ប្រព័ន្ធសន្តិសុខនៅសាលាទាំងនោះមិនត្រូវបានធានាទេ។ សាលារៀនចំនួន២៤ដែលរងផលប៉ះពាល់ដោយសារចលនាបាតុកម្មលើកនេះត្រូវបានដុតបំផ្លាញ ឬត្រូវបានគេរើកកាយរបស់របរខ្ទេចខ្ទីគ្មានសល់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងអប់រំ។

បុគ្គលិករបស់ក្រសួងអប់រំ៧៨នាក់រងរបួសចាប់តាំងពីមានចលនាបាតុកម្មកាលពីថ្ងៃចន្ទសប្ដាហ៍មុន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃច្រានចោលការអះអាងដែលថាអាជ្ញាធរប្រើប្រាស់កម្លាំងអន្តរាគមន៍មិនសមាមាត្រ។ ក្រសួងមហាផ្ទៃប្រកាសថាមកទល់នឹងពេលនេះ មនុស្សជិត៥ពាន់នាក់ត្រូវបានចាប់ខ្លួន។ ធុងសំរាម និងរបស់របរនានាត្រូវបានដុតបំផ្លាញអស់គ្មានសល់។ មិនតែប៉ុណ្ណោះក្រុមបាតុករគប់គ្រវែងគ្រឿងផ្ទុះដាក់កងកម្លាំងសន្តិសុខថែមទៀត។ នគរបាលបានចេញធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីបំបែកហ្វូងបាតុករដោយប្រើប្រាស់ឧស្ម័នចេញទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងព្រនង់។

កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋមន្ត្រីមហាផ្ទៃ លោកឡូរ៉ង់ នុយញ៉េស (Laurent Nuñez) បាននិយាយការពារចំណាត់ការរបស់សមត្ថកិច្ច និងច្រានចោលការអះអាងថាអាជ្ញាធរប្រើកម្លាំងជ្រុលពេកដែលមានលក្ខណៈមិនសមាមាត្រ។ លោកនិយាយយ៉ាងទទូចថានគរបាលមិនបានប្រើកម្លាំងលើក្រុមបាតុករក្មេងៗទេ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេខិតខំការពារកូនសិស្ស និងសិស្សធំៗដែលតវ៉ាដោយសន្តិវិធី។ ប៉ុន្តែលោកក៏ឆ្លៀតព្រមានផងដែរថាពួកគេ (សមត្ថកិច្ច) ត្រូវតែធ្វើអន្តរាគមន៍ជាបន្ទាន់យ៉ាងម៉ឺងម៉ាត់ និងដោយគ្មានបង្អែបង្អង់ទេ ដើម្បីបញ្ឈប់ជាបន្ទាន់នូវការបំផ្លិចបំផ្លាញ ការប្រព្រឹត្តអំពើហិង្សា និងការបំពានផ្សេងៗដែលឆ្លៀតឱកាសប្រព្រឹត្តដោយក្រុមមនុស្សដែលលោកចាត់ទុកថាជាអ្នកបង្កបញ្ហា។

សូមជម្រាបថាចលនាបាតុកម្មនេះអាចនឹងមានឡូកឡំដោយក្រុមអ្នកតវ៉ាពិតប្រាកដ និងក្រុមឆ្លៀតឱកាសដូចរដ្ឋមន្ត្រីមហាផ្ទៃនិយាយមិនខុសទេ។ ចំពោះអ្នកតវ៉ាពិតប្រាកដ ពួកគេទាមទារឱ្យមានការកែសម្រួល ឬផ្លាស់ប្ដូរនូវស្ថានភាពមួយចំនួននៅក្នុងវិស័យអប់រំ និងសាលារៀនដូចជា៖ ការដោះស្រាយភាពរញ៉េរញ៉ៃនៅក្នុងសាលារៀន បញ្ហាខ្វះខាតគ្រូបង្រៀន បរិមាណកូនសិស្សច្រើនពេកនៅក្នុងថ្នាក់រៀនធ្វើឱ្យចង្អៀតណែនណាន់តាន់តាប់ និងការទាមទារឱ្យកាត់បន្ថយខ្ទង់ថវិកាចំណាយលើមុខងារសាធារណៈ៕ ប្រភព៖ Euro News

ចែករំលែកព័តមាននេះ