ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលយេម៉េន​ប្រកាស​បើក​ប្រតិ​បត្តិ​ការ​ទ្រង់​ទ្រាយ​​ធំ​ដើម្បី​ដណ្ដើម​ទឹក​ដី​ពី​ក្រុម​ហ៊ូទី​ត្រឡប់​មក​វិញ​

4 ថ្ងៃ មុន

ទី​ក្រុង​សាណា៖ ដើម្បី​កុំ​ឱ្យ​គេ​ថា​ឃើញ​ខ្លា​ក្រាប​ថា​ខ្លា​សំពះ ពេល​នេះ រដ្ឋាភិបាល​យេម៉េន​ដែល​សម្ងំ​ស្ងៀម​មិន​មាត់​មិន​ក​ជា​យូរ​មក​ហើយ​នោះ​ប្រកាស​បើក​ប្រតិ​បត្តិ​ការ​រញ្ជួយ​មេឃ​ដើម្បី​ចាត់​ការ​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អុីរ៉ង់​។ មែន​ទែន​ទៅ ពួក​ហ៊ូទី​ថ្វី​ដ្បិត​ជា​ចលនា​ប្រដាប់​អាវុធ​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហ​គមន៍​អន្តរ​ជាតិ​ក៏​ពិត​មែន ប៉ុន្តែ​ពួក​គេ​មាន​កម្លាំង​យោធា​ខ្លាំង​មិន​ធម្មតា​ ពោល​គឺ​ពួក​គេ​គ្រប់​គ្រង​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​យេម៉េន​។ ចាំ​មើល​មើល​ ក្រោយ​​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាលទី​ក្រុង​សាណា​ដែល​មាន​អារ៉ាប៊ី​សាអូឌីត​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​ផង​នោះ​អាច​ចាត់​ការ​ក្រុម​ហ៊ូទី​បាន​កម្រិត​ណា​?

ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេភី​ (AP) ផ្សាយ​ថា​រដ្ឋាភិបាល​យេម៉េន​ប្រកាស​បើក​ប្រតិ​បត្តិ​ការ​សឹក​ទ្រង់​ទ្រាយ​ធំ​លើ​ក្រុម​ហ៊ូទី​ព្រោះ​មើល​ស្ថាន​ភាព​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​​។​ ក្រុម​នេះ​កាន់​តែ​វាយ​ប្រហារ​រន្ថើន​ចូល​ដល់​តំបន់​ខ្សែ​ក្រវាត់​ក្រុង​សំខាន់​ៗ​ទៅ​ហើយ​។ លោក​រ៉ាសាត​ អាល់​ អាលីមី (Rashad al-Alimi) ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​​ប្រធានា​ធិបតី​យេម៉េន​។ លោក​ប្រកាស​សង្គ្រាម​ទល់​នឹង​ពួក​ហ៊ូទី​នៅ​ពេល​ហ៊ូទី​វាយ​ដល់​តំបន់​ខ្សែ​ក្រវាត់​ក្រុង​តាអុីស (Taiz)។​ ​លោក​ថ្លែង​ពី​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​ថា​ប្រតិ​បត្តិ​ការ​សឹក​លើក​នេះ​មាន​គោល​ដៅ​វាយ​ដណ្ដើម​យក​មក​វិញ​នូវ​ទឹក​ដី​ដែល​ពួក​ហ៊ូទី​កាន់​កាប់​។ ពួក​គេ​វាយ​យក​បាន​ទី​តាំង​ច្រើន​ណាស់​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ដោយ​​រឹប​អូស​បាន​តំបន់​ដី​សណ្ដ​តាម​មាត់​សមុទ្រ​ក្រហម​ និង​ច្រក​សមុទ្រ​បាប​អែល​មេន​ដេប​ (Bab el-Mandeb Strait)។​

លោក​អាល់​អាលីមី​សូម​ឆ្លៀត​ឱកាស​នេះ​អំពាវ​នាវ​ទៅ​សហ​គមន៍​អន្តរ​ជាតិ​​ជួយ​ជ្រោម​ជ្រែង​រដ្ឋាភិបាល​របស់​លោក​ផង​។ ក្រុម​ហ៊ូទី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប្រឆាំង​នឹង​កង​ទ័ព​រដ្ឋាភិបាល​យេម៉េន​ និង​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​យេម៉េន​នៅ​តំបន់​ខ្សែ​ក្រវាត់​ក្រុង​តាអុីស​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​រំខាន​យ៉ាង​ខ្លាំង​សម្រាប់​ដង​វិថី​ដ៏​ធំ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ទី​ក្រុង​នេះ​ទៅ​ទី​ក្រុង​កំពង់​ផែ​អេ​ដែន (Aden)។ ទី​នោះ​​ជា​តំបន់​ស្លាប់​រស់​របស់​រដ្ឋាភិបាល​យេម៉េន​។ ក្រុម​ហ៊ូទី​បាន​ឡោម​ព័ទ្ធ​ទី​ក្រុង​តាអុីស​អស់​រយៈ​ពេល​ជាង​មួយ​ទស​វត្សរ៍​មក​ហើយ​។

​កាល​ពី​មុន​នេះ ក្រុម​ហ៊ូទី​ប្រកាស​ថា​​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​​រដ្ឋ​ធានី​សាណា​​។ ពួកគេ​និយាយ​ដោយ​ខ្លី​តែ​ត្រឹម​នេះ​ដោយ​មិន​ផ្ដល់​សេចក្ដី​លម្អិត​ទេ​។ កង​ទ័ព​យេម៉េន​ដែល​គាំទ្រ​ដោយ​អារ៉ាប៊ី​សា​អូឌីត​ប្រកាស​ថា​ការ​វាយ​​ប្រហារ​នោះ​ជា​ស្នា​ដៃ​របស់​ខ្លួន​សំដៅ​ទី​តាំង​សំខាន់​ៗ​នៅ​រដ្ឋ​ធានី​ និង​ខេត្ត​សាដា (Saada) នៅ​ជាប់​នឹង​ព្រំ​ដែន​អារ៉ាប៊ី​សា​អូឌីត​។ សង្គ្រាម​នៅ​យេម៉េន​ដែល​ស្ងប់​ស្ងាត់​អស់​បួន​ឆ្នាំ​តាម​រយៈ​បទ​ឈប់​បាញ់​នោះ​ចាប់​ផ្ដើម​កម្រើក​រំពើក​សា​ជា​ថ្មី​ លើក​នេះ​រឹត​តែ​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំង​អស់​។

អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ូទី លោក​យ៉ា​ស់​យ៉ា​ សារី (Yahya Saree) ថ្លែង​ថា​ក្រុម​របស់​លោក​បាញ់​មីស៊ីល និង​បញ្ជូន​ដ្រូន​ទៅ​វាយ​ប្រហារ​ទី​តាំង​ប្រេង​ឆៅ​របស់​អារ៉ាប៊ី​សា​អូឌីត​​។ លោក​ថ្លែង​នៅ​ក្នុង​ខ្សែ​អាត់​វីឌីអូ​ថា​ក្រុម​របស់​លោក​វាយ​​វាយ​ប្រហារ​ទី​តាំង​ប្រេង​របស់​ក្រុម​ហ៊ុន​អារ៉ាំ​កូ (Aramco) ដែល​ជា​ក្រុម​ហ៊ុន​របស់​រដ្ឋ​អារ៉ាប៊ី​សា​អូឌីត​ស្ថិត​នៅ​រាជ​ធានី​រីយ៉ាត​ និង​វាយ​ប្រហារ​ទី​តាំង​នៅ​គូរ៉ាអុីស (Kurais)។ អ្នក​នាំ​ពាក្យ​រូប​នេះ​និយាយ​ដោយ​សង្ខេប​ៗ​ ដោយ​មិន​បាន​បញ្ជាក់​ថា​ការ​វាយ​ប្រហារ​នោះ​កើត​ឡើង​នៅ​ពេល​ណា​​ទេ​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៍ មាន​ការ​ឆាប​ឆេះ​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​ក្រុមហ៊ុន​អារ៉ាំ​កូ​៕ ប្រភព៖ AP​