ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​អាវុធហត្ថ​ខេត្តបាត់ដំបង បង្ក្រាប​ក្រុម​ចោរលួច និង​ទទួល​ទិញ​ផល​ចោរកម្ម ៣​នាក់

6 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ទទួល​បណ្ដឹង​របស់​ជន​រង​គ្រោះ ឈ្មោះ សុខ​លី លាង​តូ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដឹក​ជញ្ជូន រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ស្ដី​ពី​ករណី​ចោរ​កាត់​សោ​ចូល​លួច​ម៉ូតូ កាលពី​វេលា​ម៉ោង​០២​និង​៥០​នាទី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដឹក​ជញ្ជូន ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បង្ក​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ (​ប្រុស​ចំនួន​០៣​នាក់​) ដោយ​ពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាត់​សោ​គាស់​ទ្វារ​ខាងក្រោយ ចូល​លួច​យក​សម្ភារៈ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដឹក​ជញ្ជូន និង​ម៉ូតូ​ម៉ាក​HONDA ZOOMER-X ពណ៌​ក្រហម លាយ​ពណ៌​ស ផលិត​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ 1O-8025 ចំនួន​០១​គ្រឿង របស់​ជន​រង​គ្រោះ​ខាងលើ ហើយ​គេចខ្លួន​ពី​កន្លែង​កើតហេតុ ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ខាងលើ លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ កែវ សីលា (​វ​ណ្ណា​) អាយុ​៤៣​ឆ្នាំ (​ជា​មុខសញ្ញា​ចាស់​) និង ២-​ឈ្មោះ សឿ​ន សំណាង (​ម៉ា​ប់​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែល​បាន​គេចខ្លួន​ពី​លំនៅ​ឋាន​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង មក​ស្នាក់​នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ហើយ​នាំ​យក​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដើម្បី​សួរនាំ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​និង​បក្ខពួក ពិតជា​បាន​ធ្វើ​សកម្មភាព​កាត់​សោ​គាស់​ទ្វារ ចូល​លួច​យក​សម្ភារៈ​របស់​ក្រុមហ៊ុន​ខាងលើ និង​លួច​យក​ម៉ូតូ​ចំនួន​០១​គ្រឿង នៅ​ក្នុង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដឹក​ជញ្ជូន ហើយ​បាន​យក​ទៅ​លក់​បន្ត​ឱ្យ​បក្ខពួក​នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ពន្លាត​ដែន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន​បក្ខពួក ចំនួន​០១​នាក់​ទៀត ឈ្មោះ សុភាព ភ័​ត្រា (​ត្រា​,​ទន់​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ចំណុច​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ព្រមទាំង​ដកហូត​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង (​របស់​ជន​រង​គ្រោះ​) និង​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។ និង​បាន​ធ្វើតេស្ត​ទឹកនោម​របស់​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ រក​ឃើញ​មាន​សារធាតុ​ញៀន​វិជ្ជមាន​(+)​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ កែវ សីលា (​វ​ណ្ណា​) ធ្លាប់​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្តបន្ទាយមានជ័យ ចំនួន​០៣​លើក​មក​ហើយ​ដែរ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែតុលា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕