ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ក្រោម​ដើម​ក្រខុប នៅ​មុខ​ឃ្លាំង​ស្តុក​ប្រេង​ក្នុង​ខណ្ឌដង្កោ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​សន្តិសុខ​យាមឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែង ​ប្រទះ​ឃើញ​ស្លាប់ ដោយ​ចងក​នៅ​លើ​ដើម​ក្រខុប ១ដើម​។ បើ​យោង​តាម​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា បុរស​នោះ​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត(​ចងក​) ដោយ​មិន​មានការ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ​ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ០៦:០០នាទី​ព្រឹក ថ្ងៃ​ទី០៣ ខែតុលា ឆ្នាំ២០២៦ នៅ​ទល់មុខ (​ចម្ងាយ​ជាង ១០ម៉ែត្រ​) ឃ្លាំង​ស្តុក​ប្រេង​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

បុរស​រង​គ្រោះ​មាន​អាយុប្រមាណ​ជាង ២០ឆ្នាំ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ និង​ពាក់​ស្បែកជើងផ្ទាត់​ពណ៌​ស ហើយ​បាន​យក​ក្រណាត់​ពណ៌​ចងក ជាប់​ជាមួយ​មែក​ដើម​ក្រខុប ដោយ​ជើង​ប៉ះ​ដល់​ដី ដែល​មើលទៅ​មួយ​ភ្លែត​ដូច​ជា​មនុស្ស​ឈរ​ធម្មតា​ ។

សន្តិសុខ​រូប​នោះ​ បាន​រៀបរាប់​ថា គាត់​ស្នាក់​នៅ​ក្នុង​ឃ្លាំង​ស្តុក​ប្រេង​នោះ ហើយ​ជា​រៀ​ង​រាល់ថ្ងៃ គាត់​តែងតែ​ក្រោក​បើកទ្វារ​ឃ្លាំង​នៅ​វេលា​ម៉ោង ០៦:០០នាទី​ព្រឹក ដើម្បី​ឱ្យ​រថយន្ត​ដឹក​ប្រេង​បើក​ចេញ​យក​ប្រេង​ទៅ​ដាក់​ឱ្យ​ម៉ូយ​នៅ​តាម​ដេប៉ូ​នានា​។ ដោយឡែក​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គ្រាន់តែ​បើកទ្វារ​ឃ្លាំង​ភ្លាម ស្រាប់តែ​ឃើញ​សព​បុរស​រង​គ្រោះ​តែ​ម្តង ប៉ុន្តែ​ពេល​មើល​មួយ​ភ្លែត គាត់​មិន​បាន​ចាប់អារម្មណ៍​ថា​ ជា​សព​ចងក​នោះ​ទេ ដោយ​ស្មាន​តែ​ជា​មនុស្ស​ឈរ ឬ​ជា​ចោរលួច​កាត់​ខ្សែភ្លើង​។ លុះ​ពេល​សម្លឹង​មើល​មួយសន្ទុះ​ក្រោយមក ទើប​ឃើញ​ជាក់ច្បាស់​ថា​ ជា​សព​ចងក ក៏​បាន​ប្រាប់​ទៅ​មេ​របស់​គាត់ ហើយ​មេ​បានឱ្យ​គាត់​ជិះ​ម៉ូតូ​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​មើល​ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ មាន​អ្នក​ភូមិ​មក​ចោមរោម​មើល​ច្រើន​ដែរ ប៉ុន្តែ​សុទ្ធតែ​គ្មាន​អ្នក​ស្គាល់​បុរស​ដែល​ស្លាប់​នេះ​សោះ ដោយ​ពុំ​ដឹង​ថា​បុរស​នេះ​ជា​អ្នក​រស់នៅ​ស្រុកភូមិ​ណា​ឡើយ គ្រាន់តែ​ដឹង​ថា ​ពុំ​មែន​ជា​កូនចៅ​អ្នកស្រុក​នៅ​ក្នុងភូមិ​នោះ​ទេ​។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ចងខ្សែ​ហ៊ុម​ព័ទ្ធ​ការពារ​ទីតាំង​កើតហេតុ​ភ្លាម​ៗ​ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​មក​សមត្ថកិច្ច​បាន​រាយការណ៍​បន្ត​ទៅ​កាន់​កម្លាំង​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​។ ជា​លទ្ធផល នគរបាល​បាន​បញ្ជាក់​ថា បុរស​ខាងលើ​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​អំពើ​ឃាតកម្ម ឬ​ករណី​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ​។ បន្ទាប់​មក នគរបាល​បាន​នាំ​យក​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ និង​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕