ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ទាហាន និង​ព្រះសង្ឃ​ថៃ ដែល​លើក​ទង់ជាតិ​នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​យ៉ាង​ខ្លាំង​បន្ថែម​ទៀត​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា តាម​បណ្ដោយ​ព្រំដែន ។

នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ អម​ដោយ​ព្រះសង្ឃ​ថៃ បាន​លើក​ដងទង់​ជាតិ នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។ នេះ​គឺជា​ករណី​មួយទៀត ដែល​ថៃ​ប្រើប្រាស់​ការ​ដាក់​ទង់ជាតិ ដើម្បី​កាន់កាប់​ដោយ​ខុសច្បាប់ នៃ​ទឹកដី​របស់​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​សកម្មភាព​ខាងលើ ដែល​ជា​ការ​បំពាន​យ៉ាង​ច្បាស់​លើ អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដូចដែល​បាន​កំណត់ និង​ខណ្ឌសីមា ដោយ​ផែនទី​ខ្នាត ១:២០០.០០០ ផលិត​ដោយ​គណៈកម្មការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម អនុលោម​តាម​អនុ​ស​ញ្ញ បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ។

សកម្មភាព​នេះ ក៏​រំលោភ​ផង​ដែរ​លើ​មាត្រា​៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ និង​ចំណុច​ទី​១ (​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​) នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ខ្សែបន្ទាត់​ព្រំដែន ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​ដោយ​ប្រទេស​ថៃ​នោះ​ឡើយ ហើយ​សកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ និង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ ។

រាជរដ្ឋាភិបាល​កម្ពុជា ទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់​ជា​បន្ទាន់ នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ បញ្ឈប់​រាល់​សកម្មភាព​ជា​ឯកតោភាគី ហើយ​ត្រូវ​ធ្វើការ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង លើកកម្ពស់​ទំនុកចិត្ត​គ្នា ទៅ​វិញ​ទៅ​មក ព្រមទាំង​រក្សា​សន្តិភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី ដែល​មាន​ស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ខ្សែបន្ទាត់​ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​នោះ​ឡើយ ៕