រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា បង្ការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងមូលដ្ឋានខណ្ឌទាំង ១៤ សង្កាត់ទាំង ១០៥ និងតាមសហគមន៍នានាទូទាំងរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ។
យុទ្ធនាការបន្តបាញ់ថ្នាំសម្លាប់មូស នៅតាមខណ្ឌទាំង ១៤ សង្កាត់ទាំង ១០៥ ចាប់ផ្តើមពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នេះតទៅ ដោយពិធីនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ពេញ ធារម្យ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ យុទ្ធនាការនេះ ធ្វើឡើងដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងអំពីការលុបបំបាត់ជម្រកមូសខ្លា និងវិធានការការពារ ក៏ដូចជាការបង្ការនានា។ លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងថា សំបុកធំរបស់មូស គឺពាងទឹក និងអាងទឹក ដូច្នេះដើម្បីបំបាត់ជម្រកមូសខ្លាបាន យើងត្រូវយកអាប៊ែតទៅដាក់នៅពាងទឹក និងអាងទឹក។ មិនត្រឹមតែប៉ុណ្ណោះ ទីណាមានទឹកថ្លា ក៏មូសអាចពងបានដែរ ដូចជាទឹកភ្លៀងដក់នៅនឹងចានស្នោ សំបកថង់ប្លាស្ទិក និងកង់ឡានដែលទុកហាលភ្លៀងជាដើម ។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរ ក៏បានក្រើនរំលឹកថា កុំមើលរំលងរបស់តូចៗខាងលើនេះ ព្រោះរបស់ទាំងអស់នេះ សុទ្ធតែអាចក្លាយជាជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់។ ជាពិសេស ត្រូវអនុវត្តរក្សានូវវិធានការអនាម័យជុំវិញលំនៅឋានជាប្រចាំ ខណៈអ្នកអនុវត្តមិនមែនត្រឹមតែជាមន្ត្រីសុខាភិបាលទេ គឺត្រូវការការចូលរួមពីសហគមន៍ និងសមាជិកគ្រប់រូបនៅក្នុងសហគមន៍ រាប់ទាំងក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ និងមន្ត្រីភូមិ ធ្វើយ៉ាងណា រក្សាអនាម័យភូមិ និងអនាម័យមូលដ្ឋាន ។
កន្លងមក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង ១៤ សង្កាត់ទាំង ១០៥ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងថ្លែងអរគុណចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងក្រុមគ្រូពេទ្យ នៃកងកម្លាំងអង្គភាព ៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីការគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ លោក ពេញ ធារម្យ អភិបាលរង បានឱ្យដឹងថា យុទ្ធនាការនេះមិនមែនជាលើកទី១ ទេ ពោលកន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះជាប់ជាប្រចាំ។ បន្ថែមលើនេះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ចូលរួមក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងនាមជាអ្នកចែករំលែកពីវិធានការបង្ការ និងការការពារដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យពលរដ្ឋក្នុងមូលដ្ឋានទទួលបានសុខភាពល្អ ជៀសវាងកើតជំងឺគ្រុនឈាម ។
ជាមួយគ្នានេះ នៅក្នុងពិធីជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ នាថ្ងៃដដែល លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរភូមិទាំងអស់ សិក្សាស្វែងយល់អំពីវិធានការការពារ និងបង្ការជំងឺ ក៏ដូចជាការលុបបំបាត់ជម្រកមូសខ្លា ជាពិសេសចូលរួមធ្វើការផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋនៅតាមភូមិ-សង្កាត់របស់ខ្លួន ៕













ចែករំលែកព័តមាននេះ