ខេត្តកណ្ដាល ៖ អំពើឃាតកម្មសម្លាប់បុរសបុគ្គលិកធនាគារម្នាក់ កាលពីវេលាម៉ោង២០និង៥០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចចម្ការប្រេងខ្យល់ លើចញ្ចើមផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាលនោះ ជាករណីប្លន់សម្លាប់យកម៉ូតូ។ ក្រោយពេលកើតហេតុ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯកមាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធមួយចំនួនធ្វើការស្រាវជ្រាវភ្លាមៗ។ លុះរយៈពេល៩ថ្ងៃក្រោយមក កម្លាំងនគរបាលខាងលើ ក៏កំណត់បានមុខសញ្ញាជនសង្ស័យ បន្ទាប់មកបានចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ហើយ តែនៅសល់បក្ខពួកចំនួន៥នាក់ទៀត កំពុងគេចខ្លួននៅឡើយ ។
ជនសង្ស័យម្នាក់នោះឈ្មោះ រឿន ម៉ារ៉ាឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម)។ ត្រូវនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ។
ដោយឡែក បក្ខពួក៥នាក់ទៀត ដែលកំពុងរត់គេចខ្លួនរួមមាន ៖
១-ឈ្មោះ សម្បត្តិ ឡៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ (ជាជនដៃដល់គប់ដាវទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ ។
២-ឈ្មោះ រិទ្ធ ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
៣-ឈ្មោះ រុង អាយុ ប្រហែល១៨ឆ្នាំ ស្នាក់នៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ក្តី អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិមរតកតេជោ ។
៥-ឈ្មោះ មី ស្នាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមរម្លឹកថា បុរសរងគ្រោះនៅក្នុងអំពើប្លន់សម្លាប់នេះឈ្មោះ អោ ពុធរី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារប្រីយ៍សនីយ៍ សាខាថ្នល់ទទឹង ។ មានស្រុកកំណើត នៅភូមិត្រពាំងក្រសាំង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ បច្ចុប្បន្នរស់នៅផ្ទះខាងប្រពន្ធ នៅក្នុងភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពងស្ពឺ ។ បាត់បង់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខ តាកែវ 1AF-7611 និងកាបូបស្ពាយ១ដែលមានដាក់ឯកសារការងារមួយចំនួននៅក្នុងនោះ ។ រីឯវត្ថុតាងដែលនគរបាល រកឃើញបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន ៖ ស្បែកពណ៌ខ្មៅ១គូ មួកសុវត្ថិភាពចំនួន០២ ពណ៌ខៀវ០១ និងពណ៌ខ្មៅ០១ ។
ចោរប្លន់ឈ្មោះ រឿន ម៉ារ៉ាឌី បានសារភាពប្រាប់នគរបាលដូច្នេះថា៖ នៅមុនពេលកើតហេតុខ្លួន បានទំនាក់ទំនងទៅកាន់បក្ខពួក៥នាក់ទៀត ដូចមានឈ្មោះខាងលើ តាមរយៈឆាតបណ្ដាញសង្គម ហៅទៅជួបជុំគ្នានៅចំណុចដីឡូត៌មួយកន្លែង ស្ថិតនៅខាងជើងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយពេលជួបជុំគ្នាហើយខ្លួន និងបក្ខពួកបានយកកាំបិតផ្គាក់ និងដាវចេញពីបន្ទប់ជួល ហើយក៏នាំគ្នាជិះម៉ូតូចំនួន០៣គ្រឿង ម៉ាកហុងដាឌ្រីមស១២៥ ចំនួន២គ្រឿង និងម៉ាកស៊ុយហ្ស៊ុយគីនិច ០១គ្រឿង សំដៅទៅផ្លូវជាតិ៥១ ដើម្បីធ្វើសកម្មភាពប្លន់ ម៉ូតូនៅតាមផ្លូវនោះ ។
ចោរម្នាក់នោះ បានសារភាពបន្តទៀតថា ខណៈនោះ ខ្លួនបានជិះម៉ូតូជាមួយឈ្មោះ ក្តី រីឯឈ្មោះ សម្បត្តិ ឡៃ កាន់ដាវ ជិះម៉ូតូជាមួយឈ្មោះ ម៉ី ,ឈ្មោះ រិទ្ធ ឧត្តមជាអ្នកកាន់កាំបិតផ្គាក់, ឈ្មោះ រុង និងឈ្មោះ មី ជាអ្នកចូលរួម។ លុះពេលដល់ផ្លូវជាតិលេខ៥១ ខ្លួននិងបក្ខពួកក៏បានឃើញម៉ូតូអ្នកដំណើរ ០១គ្រឿង ធ្វើដំណើរម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ហើយមិនបានប្លន់ទេ ដោយសារតែទៅដល់ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ម៉ូតូនោះ ក៏បានបត់ចូលទៅក្នុងភូមិបាត់ទៅ បន្ទាប់មកខ្លួន និងបក្ខពួកក៏បាននាំគ្នាជិះម៉ូតូទៅទិសខាងត្បូង ស្វែងរកបន្តទៀត ។
ជនដដែលនេះ បាននិយាយបន្តថា ពេលទៅដល់ខាងត្បូងភ្នំត្មាពង ក៏បានឃើញបុរសរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង ភ្លាមនោះខ្លួន និងបក្ខពួក បានជិះម៉ូតូបកត្រលប់ក្រោយដេញតាម រហូតដល់ចំណុចភូមិក្រាំងក្រូច ឃុំទួលព្រេជ ទើបតាមទាន់។ បន្ទាប់មកទៀតឈ្មោះ រិទ្ធ ឧត្តម បានយកកាំបិតផ្គាក់កាប់ជនរងគ្រោះ តែកាប់មិនត្រូវ ហើយជនរងគ្រោះក៏បានជិះម៉ូតូបកត្រលប់ក្រោយវិញ ពេលនោះបក្ខពួកខ្លួនម្នាក់ទៀត បានយកដាវគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យត្រូវរបួសធ្ងន់ ។
ចោរខាងលើ បាននិយាយរៀបរាប់បន្តថា ប៉ុន្តែខណៈនោះជនរងគ្រោះអត់ឈប់នោះទេ បានព្យាយាមជិះម៉ូតូទាំងរបួសធ្ងន់ រហូតដល់ចំណុចភូមិអង្គតាសិត ឃុំទួលព្រេជ (ចំណុចកើតហេតុ) ក៏បានផ្តួលម៉ូតូចោល ហើយភ្លាមនោះឈ្មោះក្ដីក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះចេញពីកន្លែងកើតហេតុ ។ បន្ទាប់មក បានទៅជួបជុំគ្នានៅចំណុចដីឡូត៍ ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយបានប្រគល់ម៉ូតូ ដែលប្លន់បាននោះឲ្យជនសង្ស័យម្នាក់ទៀតឈ្មោះ ដុំ យកទៅលក់នៅរាជធានីភ្នំពេញ។ លុះក្រោយពេលលក់រួច ឈ្មោះ ដុំ បានយកលុយមកឲ្យខ្លួនចំនួន ២៥០,០០០៛ (ម្ភៃប្រាំម៉ឺនរៀល) ហើយខ្លួនក៏បានយកលុយនោះទៅបង់ថ្លៃបន្ទប់ជួលអស់បាត់ហើយ ៕














ចែករំលែកព័តមាននេះ