ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃដដែលនេះ បុរសវ័យចំណាស់ម្នាក់ អាយុជាង៧០ឆ្នាំ ដែលបានវង្វេងស្មារតីដើរចេញពីផ្ទះរបស់ខ្លួន បាត់រកមិនឃើញ ខណៈដែលក្រុមគ្រួសារកំពុងតែម្នីម្នាដើររកទាំងមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ត្រូវបានអ្នកធ្វើដំណើរប្រទះឃើញនៅតាមដងផ្លូវឆ្ពោះទៅខេត្តបាត់ដំបង ក្រោយពេលគេហទំព័រកោះសន្តិភាព បានចុះផ្សាយនៅថ្ងៃដដែលនេះ ទើបគេស្គាល់ភិនភាគ ក៏ទូរសព្ទឱ្យក្រុមគ្រួសារទៅទទួលដឹកយកទៅផ្ទះវិញហើយ ។
ហេតុការណ៍អ្នកធ្វើដំណើរប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ដែលបានដើរវង្វេងបាត់ពីផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង០៤និង៥៨នាទីរសៀលថ្ងៃដដែល ស្ថិតនៅក្នុងភូមិភ្ញៀវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ។
ប្រភពព័ត៌មានពីស្ត្រីម្នាក់ ឈ្មោះ សូម ផារុន ត្រូវជាភរិយាបុរសវ័យចំណាស់ខាងលើ បានរៀបរាប់ឱ្យដឹងថា បុរសដែលត្រូវជាស្វាមីរបស់គាត់ ដែលបានដើរវង្វេងចេញពីផ្ទះ ហើយត្រូវបានប្រទះឃើញតាមផ្លូវជាតិលេខ៥៧ ឆ្ពោះទៅខេត្តបាត់ដំបង មានឈ្មោះ ឡុង ធី អាយុជាង៧០ឆ្នាំ រស់នៅក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបាត់ដំណឹងអស់រយៈពេល១យប់១ថ្ងៃ គាត់ពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពប្តីយ៉ាងខ្លាំង ក៏ចាប់ផ្តើមបង្ហោះនៅលើបណ្តាញសង្គម ហើយក៏ផ្តល់ដំណឹងដល់ភ្នាក់ងារសារព័ត៌មានកាសែតកោះសន្តិភាព ឱ្យដឹង ដើម្បីជួយប្រកាសស្វែងរកផងដែរ ។
គាត់បញ្ជាក់ថា ប្តីរបស់គាត់ពេលនេះ មានសុខភាពល្អទេ គ្រាន់តែហេវហត់ល្វើយកម្លាំងបន្តិច ព្រោះអត់បានទទួលទានអាហារតាំងពីល្ងាចថ្ងៃទី០១ រហូតមកដល់ល្ងាចថ្ងៃទី០២ ខែតុលានេះ។ ទោះបីជាយ៉ាងណា គាត់ក៏នឹងប្រុងប្រយ័ត្នមិនបណ្តែតបណ្តោយឱ្យប្តីរបស់ខ្លួនដើរចេញពីផ្ទះបែបនេះទៀតឡើយ ដោយបារម្ភពីសុវត្ថិភាព ព្រោះគាត់ងងឹតភ្នែក ហើយវង្វេងស្មារតី ម្តងដឹងខ្លួន ម្តងភ្លេចភ្លាំង។ ដូច្នេះ ពេលបានជួបប្តីរបស់ខ្លួនវិញ គាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដោយកំពុងតែដាំបាយធ្វើម្ហូបសម្រាប់គាត់ទទួលទានដើម្បីបំបាត់ការស្រេកឃ្លាន និងនឿយហត់ ៕


ចែករំលែកព័តមាននេះ