ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម កែវ រតនៈ និង​លោក ខូ​យ រី​ដា ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ក្នុង​ខេត្តពោធិ៍សាត់ សម្ព័ន្ធមេត្រីភាព​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល

1 អាទិត្យ មុន

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ រួម​ជាមួយ​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ សរុប​ចំនួន ៩០៦​នាក់ ដែល​ជា​អង្គភាព​សម្ព័ន្ធមេត្រីភាព​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ទេព​ឧ​ញ៉ា ឃ្លាំង មឿង សាលាខេត្ត​ពោធិ៍សាត់ ដោយ​មានការ​ចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត លោក មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្គភាព រួម​មាន​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​, បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់ ព្រមទាំង​មន្ត្រីរាជការ ដែល​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

ពិធី​ជួប​សំណេះសំណាល​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​សម្តែង​នូវ​ការ​គិតគូរ យកចិត្តទុកដាក់ និង​ពង្រឹង​ចំណង​សម្ព័ន្ធមេត្រីភាព​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ រវាង​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តពោធិ៍សាត់ ព្រមទាំង​ជា​ការ​លើកទឹកចិត្ត​ដល់​កងកម្លាំង ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​នា​ពេល​កន្លង​មក ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ ឯកឧត្តម កែវ រតនៈ បាន​លើក​ឡើង​ថា ក្នុង​ឱកាស​ដែល​រដូវ​កាល​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​របស់​ខ្មែរ​យើង​បាន​ចូល​មក​ដល់ ក្រសួង​តែងតែ​នឹកគិត និង​មិន​ដែល​មើល​រំលង​ពី​សុខទុក្ខ​របស់​បងប្អូន​កងកម្លាំង​ឡើយ​។ ឯកឧត្តម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​ស្រឡាញ់ រាប់អាន និង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​និង​កំពុង​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ការ​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ពរ​ជ័យ​សិរី​សួស្តី​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល នៃ​រាជរដ្ឋាភិបាល ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ និង​គ្រួសារ សូម​ឲ្យ​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ។

ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឯកឧត្តម កែវ រតនៈ និង​លោក ខូ​យ រី​ដា បាន​ឧបត្ថម្ភ​អំណោយ និង​ថវិកា​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំង ៩០៦​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ ២០ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ០១ យួរ មី ០១ កែស ថវិកា​ចំនួន ១០ ម៉ឺន​រៀល​។ ដោយឡែក សម្រាប់​អង្គភាព​ទាំង​បី (​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត និង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​) ក្នុង​មួយ​អង្គភាព​ៗ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែមចំនួន ០៤ លាន​រៀល ផង​ដែរ ៕