ប៉ូលិសរដ្ឋម៉ិចស៊ីកូរាយការណ៍កាលពីថ្ងៃទី១១ សីហា ថា ជនឈ្មោះ OSCAR GARCIA MONTOYA ជាប្រមុខនៃក្រុមរត់ពន្ធគ្រឿងញៀនម៉ិចស៊ិក «MANO CON OJOS» ត្រូវចាប់ខ្លួនបានហើយ។
MONTOYA ហៅEL COMPAYITO ជាប់សង្ស័យថា សម្លាប់ឬបញ្ជាឱ្យសម្លាប់មនុស្សដល់ទៅ៦០០នាក់។ ជននេះទទួលសារភាពថា រូបគេជាអ្នកចូលរួមដោយផ្ទាល់ក្នុងការសម្លាប់មនុស្ស៣០០នាក់ ហើយបញ្ជាឱ្យសម្លាប់មនុស្ស៣០០នាក់ទៀត។ នេះជាការអះអាងរបស់រដ្ឋអាជ្ញារដ្ឋម៉ិចស៊ីកូ លោកអាល់ហ្វ្រេដូ កាស្ទីលឡូ។ ក្រុមរត់ពន្ធគ្រឿងញៀនរបស់ជននោះធ្វើសកម្មភាពពិសេសក្នុងតំបន់ក្រុងម៉ិចស៊ីកូ។ ជននេះល្បីខាងយកក្បាលមនុស្សដែលគេកាត់យកមកបោះចោលតាមវិថីនានានៅជាយក្រុងម៉ិចស៊ីកូរដ្ឋធានីម៉ិចស៊ិក។
MONTOYA ដែលធ្លាប់បំរើការក្នុងកងម៉ារីន និងជាអ្នកធ្លាប់បើករថយន្តឱ្យជនឈ្មោះ EDGAR VALDEZ VILLARREAL ហៅ LA BARBIE ជាប្រមុខម្នាក់នៃក្រុមរត់ពន្ធគ្រឿងញៀន BELTRAN-LEYVA ។ ជននេះក៏ធ្លាប់ធ្វើប៉ូលិសនៅភាគខាងជើងម៉ិចស៊ិកដែរ៕
ចែករំលែកព័តមាននេះ