ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវខ្នងទំនប់ត្នោតទេរ ប្រវែង​ជិត ៣គីឡូម៉ែត្រ កំពុងត្រូវបានស្ថាបនាឡើងវិញ

6 ថ្ងៃ មុន
  • តាកែវ

ខេត្ត​តាកែវ ​៖ ដោយ​មានការ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព សុខុមាលភាព និង​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​សកម្មភាព​ជួសជុល​បន្ទាន់​លើ​កំណាត់​ផ្លូវ​ខ្នង​ទំនប់​ត្នោត​ទេរ ដែល​បាន​រង​ការ​ខូចខាត និង​បង្ក​ការ​លំបាក​ដល់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត ក៏​ដូច​ជា​ការ​ធ្វើ​ចរាចរណ៍​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

ពាក់ព័ន្ធ​នឹង​ការងារ​ជួសជុល​ស្តារ​ឡើង​វិញ​នេះ លោក អភិបាល​ខេត្តតាកែវ បាន​ធ្វើការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ និង​ការ​គាំទ្រ​ដោយ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ចាត់ចែង​កម្លាំង​បច្ចេកទេស និង​កៀងគរ​ថវិកា​សម្រាប់​ការ​ជួសជុល​បន្ទាន់​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា ។

ឆ្លើយ​តប​នឹង​សំណើ​អន្តរាគមន៍​នេះ មន្ទីរ​សា​ធារណការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ បាន​និង​កំពុង​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​អនុវត្ត​សកម្មភាព​ជួសជុល​ផ្លូវ​ខ្នង​ទំនប់​ត្នោត​ទេរ ស្ថិត​ក្នុង​ឃុំ​ទ្រា ស្រុក​សំរោង ខេត្តតាកែវ យ៉ាង​សស្រាក់សស្រាំ ដោយ​ធ្វើការ​ក្រាល​ដី​ល្បាយ​ថ្ម កៀ​កិន និង​បង្ហាប់​យ៉ាង​យកចិត្តទុកដាក់ ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​។

តាម​ការ​ឱ្យ​ដឹង​ពី​លោក ណុ​ប នី ប្រធាន​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ខេត្តតាកែវ បានឱ្យ​ដឹង​ថា គម្រោង​ផ្លូវ​ជួសជុល​បន្ទាន់​នេះ មាន​ប្រវែង​សរុប ២,៩៣០ ម៉ែត្រ (​ជិត ៣ គីឡូម៉ែត្រ​) មាន​ទទឹង​ផ្លូវ​ប្រវែង ៦ ម៉ែត្រ និង​កម្រាស់​ល្បាយ​ថ្មី​ចាក់​លើ​តួ​ផ្លូវ​បន្ថែម ០,១៥ ម៉ែត្រ ។

លោក​ណុ​ប នី ប្រធាន​មន្ទីរ​សាធារណ​ការ​នឹង​ដឹក​ជញ្ជូន​ខេត្ត​ បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់​អភិបាលខេត្ត គម្រោង​ជួសជុល​បន្ទាន់​នេះ ត្រូវ​បាន​កំណត់​ឱ្យ​បញ្ចប់​ជា​ស្ថាពរ​យ៉ាង​យូរ​ត្រឹម ថ្ងៃ​ទី​០៥ ខែតុលា ខាង​មុខ​នេះ ដើម្បី​ឱ្យទាន់​ពេលវេលា​សម្រាប់​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​ងាយស្រួល ធានា​សុវត្ថិភាព និង​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ជា​ពិសេស​គឺ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងអំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​បុណ្យប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​របស់​ប្រជាជន​កម្ពុជា​។

លោក វ៉ី សំណាង បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​បច្ចេក ទេស​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ទាំង​យប់​ទាំង​ថ្ងៃ ៕