ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ចំណាស់​ម្នាក់​វង្វេងស្មារតី​ដើរ​ចេញពីផ្ទះ​​រយៈពេល​១​យប់​១​ថ្ងៃហើយ ក្រុមគ្រួសារ​រក​មិន​ទាន់​ឃើញ

1 អាទិត្យ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​នេះថ្ងៃទី០២ តុលា នេះ​​ទៅ​ហើយ បុរស​វ័យ​ចំណាស់​ម្នាក់​អាយុ​ជាង​៧០​ឆ្នាំ ដែល​បាន​ដើរ​វង្វេង​ចេញពីផ្ទះ​របស់​ខ្លួន បាត់​​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ខណៈ​ដែល​ក្រុម​គ្រួសារ​កំពុង​តែ​ម្នីម្នា​ដើរ​រក​ទាំង​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ។

ហេតុការណ៍​​គាត់​ដើរ​វង្វេង​បាត់​ពី​ផ្ទះ​នេះ បាន​កើតឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ សូម ផា​រុន ត្រូវជា​ភរិយា​បុរស​វ័យ​ចំណាស់​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា បុរស​ដែល​ត្រូវជា​ស្វាមី​របស់​គាត់ ​បាន​ដើរ​វង្វេង​ចេញពីផ្ទះ ​មានឈ្មោះ ឡុ​ង ធី អាយុ​ជាង​៧០​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ដោយ​កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ គាត់​មានការ​រវល់​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​នៅ​ក្រុងប៉ៃលិន លុះ​ពេល​ត្រឡប់​មក​វិញ ស្រាប់តែ​បាត់​ប្តី​មិនឃើញ​នៅ​នឹង​ផ្ទះ​ដូច​សព្វមួយដង​ឡើយ ។

គាត់​បន្ត​ទៀត​ថា គ្រាន់តែ​ទទួល​ដំណឹង​ថា ​បាត់​ប្តី​នេះ​ភ្លាម គាត់​ក៏​ប្រញាប់​ខ្នះខ្នែង​ដើរ​ស្វែងរក​គ្រប់​ច្រកល្ហក ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ រហូត​ដល់​ធ្វើ​ដំណើរ​ទៅ​រក​ដល់ទី​រួម​ក្រុងប៉ៃលិន តែ​នៅ​មិន​អាច​រក​ប្តី​របស់​គាត់​ឃើញ​នៅឡើយ​ទេ មិនដឹង​ជា​គាត់​ចូល​ទៅ​សំងំ​នៅ​ទីណា​ឡើយ ។

គាត់​បញ្ជាក់​ទៀត​ថា អ្នក​ភូមិ​ក៏​បាន​បង្ហើប​ប្រាប់​គាត់​ដែរ​ថា កាលពី​យប់​ថ្ងៃ​ទី​០១ ខែតុលា គេ​បាន​ប្រទះ​ឃើញ​ប្តី​របស់​គាត់​ដើរ​ចុះឡើង​ៗ​នៅ​តាម​ផ្លូវ​ក្រុងប៉ៃលិន ហើយដោយ​មិន​ចាប់អារម្មណ៍ គាត់​ក៏​បន្ត​ដើរទៅ​កន្លែង​ផ្សេង​ទៀត​បាត់​តែ​ម្តង ​។ 

ស្ត្រី​ខាងលើ​ក៏​បាន​ប្រកាស​ស្រាវជ្រាវរ​កតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ ដោយ​ប្រាប់​ថា គាត់​បាន​បាត់​សមាជិកគ្រួសារ ឈ្មោះ ឡុ​ង ធី ដែល​បាន​វង្វេង​ចេញពីផ្ទះ​កាលពី​ថ្ងៃ​០១ ខែតុលា ឆ្នាំ​២០២៦ ​បើសិនជា​បងប្អូន​ណា​បានឃើញ​រូប​គាត់ ​សូម​មេត្តា​ជួយ​ឃាត់​បុរស​ខាងលើ​ទុក​ផង ហើយ​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៩៧៥៤៣០១០៨ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ថែម​ទៀត​ថា គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​ប្តី​របស់​ខ្លួន​ខ្លាំង​ណាស់ ដោយ​កាលពីមុន​គាត់​ក៏​ធ្លាប់​វង្វេង​ដើរ​ចេញពីផ្ទះ​ញយ​ដង​ដែរ តែ​ពេល​គាត់​ដឹងខ្លួន​ក៏​ដើរ​ត្រឡប់​មក​វិញ​ ។ ជួនកាល​ទៀត គាត់​ក៏​ឱ្យ​កូន ឬ​អ្នក​ជិតខាង​ជួយ​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ ។

តែ​ពេល​នេះ ហាក់ដូចជា​បាត់​​ដំណឹង​ឈឹង រហូត​មក​ដល់​ពេល​នេះ​ហើយ មិន​ទាន់​ដំណឹង​នៅឡើយ​ទេ ដោយ​គាត់​ក៏​បាន​ស៊ើបសួរ​បន្ត​ទៀត​ទៅ​តាម​អ្នក​ដែល​ធ្លាប់​ស្គាល់​នៅ​តាម​ភូមិ​នានា​​ផ​ង​​ដែរ ។