បង្ក្រាបបានក្មេងទំនើង៣ក្រុមដែលមានរហស្សនាមថា «ក្រុមប្លុកE ក្រុមកាកាប និងក្រុមចេញចម្បាំង» ជួបគ្នានៅពន្ធនាគារព្រៃស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា តំណាងអយ្យការបានធ្វើការចោទប្រកាន់ក្រុមក្មេងទំនើងចំនួន៣ក្រុម ដែលក្រុមនីមួយៗមានរហស្សនាមថា «ក្រុមប្លុកE ក្រុមកាកាប និងក្រុមចេញចម្បាំង» បន្ទាប់ពីពួកគេបង្កអំពើហិង្សាវាយជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាមនៅលើផ្លូវសាធារណៈ ហើយសំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនក្មេងទំនើងទាំង៣ក្រុមនេះដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២៣ និង៣០នាទី ស្ថិតនៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនសង្ស័យជាក្រុមក្មេងទំនើងចំនួន៣ក្រុម មានក្រុមប្លុកE ក្រុមកាកាប និងក្រុមចេញចម្បាំង មានគ្នាប្រមាណ៤០នាក់ប្រដាប់ដោយ ដាវ ដុំថ្ម និងដំបង ធ្វើសកម្មភាពវាយ គប់និងកាប់គ្នាទៅវិញទៅមក ហើយខណៈពេលកំពុងធ្វើសកម្មភាព ជនសង្ស័យជាក្រុមក្មេងទំនើងនៃភាគីម្ខាង បានរត់ទៅឱបជនរងគ្រោះជាសន្តិសុខយាមនៅក្រុមហ៊ុនឯកជនមួយ ដែលនៅក្បែរទីតាំងកន្លែងកើតហេតុ ដើម្បីឲ្យជនរងគ្រោះជួយ តែក៏ត្រូវបានជនសង្ស័យជាភាគីម្ខាងទៀត វាយទៅលើជនរងគ្រោះរងរបួសបែកក្បាលហូរឈាម ។ ក្រោយធ្វើសកម្មភាពក្រុមក្មេងទំនើងទាំង៣ ក្រុមខាងលើ បានរត់គេចខ្លួនបាត់អស់ទៅ ។
រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាក្រុមក្មេងទំនើងជាបន្តបន្ទាប់ចំនួន៦នាក់ មាន ៖
១.ឈ្មោះ ធី ចាន់ថន ហៅឃ្លោក ឬ ត្រេន ភេទប្រុស អាយុ១៨ ឆ្នាំ
២.ឈ្មោះ រឿន សុវណ្ណរាជ ភេទប្រុស អាយុ១៧ ឆ្នាំ
៣.ឈ្មោះ សុខា សម្បត្តិរាជ ហៅភូ ភេទប្រុស អាយ១៥ ឆ្នាំ
៤.ឈ្មោះ រឿន បូរី ភេទប្រុស អាយុ១៧ ឆ្នាំ
៥.ឈ្មោះ ថោង សុគន្ធារាជ ហៅ ប៊ប៊រី ភេទប្រុស អាយុ១៤ ឆ្នាំ
៦.ឈ្មោះ ឡឹង សុភា ភេទប្រុស អាយុ១៨ ឆ្នាំ ចំណែកបក្ខពួកដែលពាក់ពន្ធនិងករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន៦នាក់ និងបក្សពួកពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៦ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៤០១៣ អ.យ.ធ ចុះថ្ងៃទី១ តុលា ឆ្នាំ២០២៦ និងបានបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ពោលគឺក្មេងទំនើងទាំង៣ក្រុម រហស្សនាមក្រុមប្លុកE ក្រុមកាកាប និងក្រុមចេញចម្បាំង ទៅជួបគ្នានៅពន្ធនាគារព្រៃ.ស ៕

ចែករំលែកព័តមាននេះ