លទ្ធផលចុះល្បាត៤ថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៅដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដោះអន្ទាក់បានជាង៥០០ខ្សែ និងជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ថា ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស ស្នាក់ការកណ្ដាលរយ៉លើ សហការជាមួយអ្នកស្ម័គ្រចិត្តល្បាតសហគមន៍នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ភូមិសាស្ត្រខេត្តមណ្ឌលគិរី បានចុះបេសកកម្មល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងអប់រំផ្សព្វផ្សាយក្រមបរិស្ថាន និងសិក្សាពីជីវៈជីវចម្រុះក្នុងតំបន់ការពារ ។

យោងតាមរបាយការណ៍ដែលកោះសន្តិភាពទទួលបាន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា លទ្ធផលក្នុងប្រតិបត្តិការរយៈពេល៤ថ្ងៃនេះ ក្រុមការងារសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីជំនាញចុះល្បាតដល់ចំណុចជើងភ្នំគោះគង (និយាមកា ៧១០២៧៧, ១៤៥៧០៧៧) ដើម្បីពិនិត្យទីតាំងតាមផែនការប្រចាំខែ ។ ជាលទ្ធផល ឃើញថា ជាដីស្រែចាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិរវាក់ក្រៅ ហើយពុំមានសញ្ញានៃការកាប់រាន ឬពង្រីកដីព្រៃថ្មីបន្ថែមនោះទេ ។

សេចក្តីរាយការណ៍បន្តថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានបន្តល្បាតដល់ទីតាំងភ្នំថ្មស ចំណុចដៃអូរតាំងរាំង (និយាមកា ៦៩៩៧៩២, ១៤៥៧៤០៨) ។ ដោយមានការសង្ស័យថា មានការលួចដាក់អន្ទាក់ ក្រុមការងារបានរុករក និងប្រមូលដោះ សាអន្ទាក់ខ្សែគោបានចំនួន២០៩ខ្សែ (និយាមកា ៧០០២៥៧, ១៤៥៧៥២១) ព្រមទាំងបានប្រទះឃើញសពសត្វស្វាព្រាម១ក្បាល ដែលបានជាប់អន្ទាក់ព្រានព្រៃ រហូតដល់ងាប់ស្អុយរលួយនៅក្នុងតំបន់ស្នូល ។

ហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបានបន្តល្បាតដល់ចំណុចអូររហា(និយាមកា ៦៩៥៩៤៨, ១៤៥៧៧៧០) និងបានប្រទះឃើញដានជើងសត្វទន្សោងចំនួន ០៥ក្បាល ។ ដោយសង្ស័យមានការលួចដាក់អន្ទាក់ ក្រុមការងារបានដើរល្បាតដោយថ្មើជើងរហូតដល់ចំណុចអូររហា ក ដប (និយាមកា ៦៩៥៩៥៤, ១៤៥៨០៦៣) និងបានដោះសាអន្ទាក់ខ្សែគោបានចំនួន២១៧ខ្សែ ព្រមទាំងបានជួយសង្គ្រោះដោះលែងសត្វជ្រូកព្រៃជាប់អន្ទាក់ចំនួន០៦ក្បាល ឱ្យចូលទៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព។

ចំណែកនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានបន្តល្បាតដល់ចំណុចដៃអូររហា ក ដប (និយាមកា ៦៩៤៨១៥, ១៤៥៨៣៧៨) ដោយបានឃើញផ្លូវសត្វស្វាព្រាមប្រមាណ២០ក្បាល កំពុងលោតរកចំណីលើដើមឈើ និងបានដោះលែងសត្វជ្រូកព្រៃជាប់អន្ទាក់ចំនួន០២ក្បាលបន្ថែមទៀត ។ ក្នុងនោះដែរ ក្រុមការងារដោះសាអន្ទាក់ខ្សែគោបានចំនួន១០៧ខ្សែ។

បន្ទាប់មក ក្រុមការងារបានបន្តល្បាតដល់ចំណុចជើងព្រៃចាស់ដៃអូររី(និយាមកា ៦៩១៤៤០, ១៤៥៩៨៨៩) ស្ថិតក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកញែក ខេត្តមណ្ឌលគិរី ដោយបានប្រទះឃើញដានជើងសត្វទន្សោងចំនួន ០៧ក្បាល បន្ថែមទៀតនៅក្នុងតំបន់ស្នូល ។ ក្នុងប្រតិបត្តិការល្បាតរយៈពេល៤ថ្ងៃនេះ ក្រុមការងារដោះសា និងប្រមូលអន្ទាក់ខ្សែគោបានសរុបចំនួន៥៣៣ខ្សែ និងបានជួយសង្គ្រោះសត្វជ្រូកព្រៃដែលជាប់អន្ទាក់ឱ្យមានសេរីភាពឡើងវិញបានសរុបចំនួន០៨ក្បាល។

ជុំវិញសេចក្តីរាយការណ៍ខាងលើ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជាក់ថា សមិទ្ធផលទាំងនេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន ក្នុងការការពារធនធានធម្មជាតិ និងការពារជីវិតសត្វព្រៃកម្រៗនៅក្នុងតំបន់ការពារឱ្យបានគង់វង្ស ៕



ចែករំលែកព័តមាននេះ