ប្រាប់មិត្តភក្ដិថាខ្ចីម៉ូតូមួយភ្លែត បែរជាគេចខ្លួនបាត់អស់១អាទិត្យ ត្រូវម្ចាស់តាមរកឃើញ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពខ្ចីម៉ូតូរបស់មិត្តភក្ដិយកទៅបញ្ចាំ ហើយគេចខ្លួនបានរយៈពេល៧ថ្ងៃ ក៍ត្រូវម្ចាស់ម៉ូតូតាមរកឃើញឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ជិតច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋស្ទឹងមានជ័យទី១ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនរងគ្រោះនិងជនសង្ស័យមិនត្រូវបានអោយស្គាល់អត្តសញ្ញាណនោះទេ ហើយម៉ូតូមួយគ្រឿងដែលជនសង្ស័យយកទៅបញ្ចាំម៉ាក Honda dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ។
តាមការរៀបរាប់ពីបុរសរងគ្រោះជាម្ចាស់ម៉ូតូបានអោយដឹងថា រូបគេជាមួយនិងជនសង្ស័យ គឺជាមិត្តភក្ដិនឹងគ្នា នៅមុនពេលកើតហេតុ កាលពីថ្ងៃសៅរ៍ ទី២៦ខែកញ្ញា ឆ្នាំ២០២៦ ជនសង្ស័យ បានខ្ចីម៉ូតូរបស់ជនរងគ្រោះនៅម្តុំក្រោយសាលាបឋមសិក្សាបឹងសាឡាង ថាខ្ចីមួយភ្លែត ដោយយល់ថា ជាមិត្តភក្ដិនឹងគ្នា ទើបជនរងគ្រោះក៍អោយម៉ូតូជិះយកទៅ តែមិនបានប្រាប់ថាទៅណានោះទេ។
ជនរងគ្រោះក៍បន្តទៀតថា ដោយចាំបាត់ៗ មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យវិញ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបឹងសាឡាង ។
បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចហើយ ជនរងគ្រោះជាម្ចាស់ម៉ូតូតែងតែដើរស្វែងរកជនសង្ស័យ រហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក៍ប្រទះឃើញជនសង្ស័យកំពុងអង្គុយនៅម្តុំភូមិទ្រាក៍បាននាំក្រុមគ្រួសារឃាត់ខ្លួនបានតែម្ដងហើយនៅពេលសួរនាំ ជនសង្ស័យបានសារភាពថា ម៉ូតូត្រូវបានយកទៅបញ្ចាំនៅម្ដុំឃ្លាំងរំសេវ បាន២០០ដុល្លារ យកទៅចាយវាយអស់ហើយ ។
បន្ទាប់ពីសួរនាំជនសង្ស័យរួចហើយ ជនរងគ្រោះជាម្ចាស់ម៉ូតូរួមទាំងក្រុមគ្រួសារ បានដឹកជនសង្ស័យទៅដល់ប៉ុស្តិ៍បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ