ទីក្រុងម៉ូស្គូ៖ អ្នករិះគន់របបដឹកនាំនៅវិមានក្រឹមឡាំង ហើយក៏ជាស្ដេចអុករបស់រុស្ស៊ីផងដែរនោះគឺលោកហ្ការី កាស្ប៉ារ៉ូស (Garry Kasparov) ថ្លែងថាភ្នាក់ងារសម្ងាត់របស់អាមេរិក និងលីទុយអានីបានប្រាប់លោក និងសម្ព័ន្ធមិត្តរបស់លោកថាឆាកជីវិតរបស់ពួកគេកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ដូច្នេះត្រូវប្រុងប្រយ័ត្នខ្លួនឱ្យមែនទែន។ បុរសវ័យ៦៣ឆ្នាំរូបនេះថ្លែងនៅលើបណ្ដាញសង្គមថាដំណឹងដែលថាខ្ញុំ និងសហការីរបស់ខ្ញុំដែលជាសហស្ថាបនិក «វេទិការុស្ស៊ីសេរី» គឺលោកអ៊ីវ៉ាន ទីយូទ្រីន (Ivan Tyutrin) ជាប់ឈ្មោះនៅក្នុងបញ្ជីដែលត្រូវធ្វើឃាត។

លោកកាស្ប៉ារូសយល់ថានេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ប៉ុន្តែវាជារឿងគួរឱ្យតក់ស្លុត។ លោកថ្លែងបន្តទៀតថាភ្នាក់ងារសម្ងាត់លីទុយអានី និងអាមេរិកប្រាប់ថាជីវិតរបស់ពួកយើងស្ថិតនៅក្នុងគ្រោះថ្នាក់ និងថាយើងគួរប្រុងប្រយ័ត្នខ្លួន។ លោកថាលោកក៏កំពុងធ្វើតាមពួកគេប្រាប់ ហើយនឹងបន្តប្រុងប្រយ័ត្នជានិច្ចនាពេលអនាគត។ លោកកាស្ប៉ារ៉ូសសព្វថ្ងៃនេះកំពុងរស់នៅនិរទេសខ្លួននៅអាមេរិក។

លោកទីយូទ្រីនសព្វថ្ងៃ អាយុ៤៥ឆ្នាំ កំពុងរស់នៅទីក្រុងវីលនៀស (Vilnius) ប្រទេសលីទុយអានី។ លោកប្រាប់អាអែហ្វប៉េថាអាជ្ញាធរលីទុយអានីបានប្រាប់លោកអំពីរឿងនេះកាលពីពីរសប្ដាហ៍មុនដើម្បីចាកចេញពីផ្ទះជាបន្ទាន់ និងបោះបង់ឡានរបស់គាត់ចោលទៅ។ ការប្រាប់ឱ្យប្រុងប្រយ័ត្ននេះកើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកកាលពីពាក់កណ្ដាលខែកញ្ញាបានចោទប្រកាន់ភ្នាក់ងារសម្ងាត់រុស្ស៊ី៥នាក់ពីបទរៀបចំផែនការវាយប្រហារ និងធ្វើឃាតមនុស្សនៅទូទាំងសាកលលោករួមទាំងនៅអាមេរិកផងដែរ។

នៅរដូវក្ដៅឆ្នាំនេះ ក្រុមនេះព្យាយាមធ្វើឃាតក្រុមប្រឆាំងនឹងរបបដឹកនាំនៅរុស្ស៊ី និងដែលជាអ្នកកំពុងរស់នៅនិរទេសខ្លួននៅអាមេរិកដើម្បីជាថ្នូរនឹងប្រាក់ឈ្នួល៤ម៉ឺនដុល្លារ។ នេះបើយោងតាមការអះអាងរបស់ក្រសួងយុត្តិធម៌អាមេរិក។ អាជ្ញាធរអាមេរិកមិនបានបញ្ចញឈ្មោះអ្នករិះគន់រដ្ឋាភិបាលរុស្ស៊ីទេ គ្រាន់តែកំណត់រហស្សនាមថា «ជនរងគ្រោះលេខ១»។ នៅក្នុងចំណោមជនត្រូវចោទទាំងនោះ ម្នាក់ធ្វើការនៅក្នុងភ្នាក់ងារសម្ងាត់រុស្ស៊ី FSB៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ