ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន ដែលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ជាង​៧០០​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​សង្គ្រោះ​បន្ទាន់

1 អាទិត្យ មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​គណៈកម្មាធិការ​សាខា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​សង្គ្រោះ​បន្ទាន់​របស់​សាខា មក​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ចំនួន ៧៨៤​គ្រួសារ នៅ​ក្នុង​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​។

​លោក​ជំទាវ​ បាន ស្រី​មុំ បាន​លើក​ឡើង​ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ផ្តាំផ្ញើ​សួរសុខទុក្ខ ដោយ​ក្តី​ព្រួយបារម្ភ​អាណិត​ស្រឡាញ់ ការ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព រស់នៅ​ប្រចាំ​ថ្ងៃ របស់​បងប្អូន​ប្រជាពលរដ្ឋ ងាយ​រង​គ្រោះ ដោយ​ក្តី​នឹករលឹក យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ជាមួយនឹង​ការ​ផ្តល់​អំណោយ​សម្រាល​ការ​លំបាក​ទាំង​អស់នេះ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ថែទាំ​សុខភាព បរិភោគ ទឹក ឆ្អិន រស់នៅ​មាន​អនាម័យ​ល្អ ហើយ​បើ​ករណី​បងប្អូន​មាន​ជំងឺ សូម​ប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព នៅ​ជិត​បំផុត​ឱ្យ​បាន​ទាន់​ពេលវេលា កុំ​បង្អង់​យូរ ដែល​នាំ​គ្រោះថ្នាក់​ដល់​អាយុជីវិត ​។
​លោក​ជំទាវ​ បាន​កោតសរសើ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​កន្លង​មក​ក្នុង​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង គឺ​បាន​រួម​សហការ​គ្នា ត្រៀម​បង្ការ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ជា​ពិសេស​តាមដាន​ជា​ប្រចាំ​តាម​គោលដៅ​ប្រឈម​នានា និង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិន​ទុក​ឱ្យ​ប្រជាជន ណា​ម្នាក់​រង​គ្រោះ ដោយ​មិន​បាន​ជួយ​នោះ​ឡើយ​ ។

​នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ បាន ស្រី​មុំ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​ធម្មជាតិ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សេចក្តីសុខ​ក្រុម​គ្រួសារ​ទាំងមូល ពីព្រោះ​រដូវ​នេះ ជា​រដូវ​មាន​ភ្លៀង​ធ្លាក់ និង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ ដែល​ងាយ​បង្ក​ការ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ហើយ​បើ​មាន​បញ្ហា​កើតឡើង ត្រូវ​ប្រ​ញ៉ាប់​រាយការណ៍​មក​កាន់​អាជ្ញាធរ​មូលដ្ឋាន ដែល​នៅ​ជិត​បំផុត​ឲ្យ​បាន​លឿន ដើម្បី​ឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ឱ្យ​បាន​ទាន់​ពេលវេលា ក្នុង​ការ​ចូលរួម​សម្រាល​ការ​ខ្វះខាត​នានា ជា​បណ្តោះអាសន្ន​ ។

​សូម​បញ្ជាក់​ថា​ អំណោយ​មនុស្សធម៌​សង្គ្រោះ​បន្ទាន់​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ដែល​បាន​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ៧៨៤​គ្រួសារ រួម​មាន ​៖ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន គ្រឿង​ឧបភោគបរិភោគ ដូច​ជា អង្ករ មី ត្រីខ ទឹកត្រី ប្រហុក ពង​ទា ទឹកបរិសុទ្ធ មុង ភួយ តង់​កៅស៊ូ និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​ផង​ដែរ​ ៕