រាជធានីភ្នំពេញ ៖ រថយន្តម៉ាកនីស្សាន់ទ្រុងឃ្លុបដឹកទំនិញ ១គ្រឿង មិនដឹងថា ប្រញាប់ទៅណាទេ បានបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករះអ្នកជិះម៉ូតូ២គ្រឿង ដែលកំពុងឈប់ពេលភ្លើងស្តុបលោតពណ៌ក្រហម បណ្ដាលឲ្យស្ត្រី ២នាក់ (ម្ដាយនិងកូន) រងរបួសធ្ងន់ ក្នុងនោះកូនស្រីខ្ទេចជើងខាងស្ដាំ រីឯបុរសម្នាក់ទៀតក៏រងរបួសធ្ងន់ដែរ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅតាមមហាវិថី ស៊ី ជីនពីង ត្រង់ចំណុចភ្លើងស្តុបតាំងរនាម ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
នារីដែលរងរបួសខ្ទេចជើងខាងស្ដាំនោះឈ្មោះ ពៅ ចាន់រដ្ឋ អាយុ៣២ឆ្នាំ និងម្ដាយរបស់នាង ដែលរបួសធ្ងន់ដែរនោះ ឈ្មោះ ឈិន ចាន់ធូ អាយុ៥១ឆ្នាំ អ្នកទាំង២ មានទីលំនៅភូមិក្រសាំង ឃុំជើងកើប ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ សព្វថ្ងៃស្នាក់នៅផ្ទះជួលម្ដុំផ្សារព្រៃទទឹង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯបុរសម្នាក់ទៀតឈ្មោះ ឡាវ មករា អាយុជាង៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គ្រង ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរងរបួសធ្ងន់ដែរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព ។ ដោយឡែករថយន្តបង្កហេតុម៉ាកនីស្សាន់ទ្រុងឃ្លុបដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G-1614 បើកបរដោយបុរសឈ្មោះ ហោ ភារិន អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបាននគរបាលឃាត់ខ្លួន ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ស្ត្រីរងគ្រោះ២នាក់ ម្ដាយនិងកូនខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-6984 ឌុបគ្នា ។ ចំណែកបុរសឈ្មោះ ឡាវ មករា បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1H-7484 ដោយម៉ូតូទាំង២គ្រឿងខាងលើបានធ្វើដំណើរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបានលោតពណ៌ក្រហម ហើយម៉ូតូទាំង២គ្រឿង បានឈប់រង់ចាំភ្លើងស្តុប ស្រាប់តែរថយន្តបង្កខាងលើ មិនដឹងជាប្រញាប់ទៅណាទេ បើកលឿនដូចហោះ ជ្រុលទៅបុករះអ្នកជិះម៉ូតូទាំង២គ្រឿងនោះទាំងកំរោល ។ ដោយស្ត្រី ២នាក់ ម្ដាយនិងកូន ត្រូវបានរថយន្តនេះ កិនអូសជាច្រើនម៉ែត្រ ទើបរថយន្តនេះឈប់ បណ្ដាលឲ្យជនរងគ្រោះទាំង៣នាក់រងរបួសធ្ងន់ ។ បន្ទាប់មកអ្នកបើកបររថយន្ត និងព្រូបម្រុងរត់គេចខ្លួន ប៉ុន្តែត្រូវនគរបាលឃាត់ខ្លួនទាំង២នាក់ ហើយក្រោយមកបាននគរបាលបានដោះលែងព្រូទៅវិញ ហើយឃាត់ខ្លួនអ្នកបើកបរទុក ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះ រួចរាយការណ៍ជូនកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង និងនាំយករថយន្តបង្ក ព្រមទាំងអ្នកបើកបរ និងម៉ូតូរងគ្រោះទាំង២គ្រឿង ទៅកាន់ការិយាល័យរង់ចាំដោះស្រាយនៅពេលក្រោយ ៕










ចែករំលែកព័តមាននេះ