ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​យល់​ថា​ចិន​មិន​ទាន់​វា.យ​​តៃវ៉ាន់​នៅ​ឆ្នាំ​២០២៧​​នោះ​ទេទោះ​បី​​កង​​ទ័ព​ត្រូវ​ត្រៀមខ្លួន​យ៉ាង​ណា​ក្ដី

5 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ជឿ​ជាក់​ថា​យោធា​ចិន​ទំនង​ជា​មិន​ទាន់​វាយ​ប្រហារ​​​កោះ​តៃវ៉ាន់​មុន​ឆ្នាំ​២០២៨​ទេ​ទោះ​បី​ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ បន្ត​ណែ​នាំ​ឱ្យ​កង​ទ័ព​ត្រៀម​ខ្លួន​​ឱ្យ​បាន​រួច​រាល់​ត្រឹម​ឆ្នាំ​២០២៧​​​យ៉ាង​ណា​ក្ដី​។ នៅ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន​​នៃ​ការ​មិន​ទាន់​វាយ​ប្រហារ​នោះ​រួម​មាន​ការ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​នៃ​កង​ទ័ព ​ខណៈ​ដែល​​​បក្ស​កុម្មុយ​និស្ត​​ចិន​កំពុង​បន្ត​បោស​សម្អាត​អំពើ​ពុក​រលួយ​ដូច​ភ្លៀ​ង​រលឹម​ និង​ការ​រង់​ចាំ​អ៊ុត​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នៅ​តៃវ៉ាន់​នៅ​ក្នុង​ឆ្នាំ​២០២៨​។

មន្ត្រី​រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា​គណ​បក្ស​ដែល​មាន​ទំនោរ​ទៅ​រក​ទី​ក្រុង​ប៉េកាំង​អាច​នឹង​ឈ្នះ​ឆ្នោត​។ បើ​ដូច្នេះ​មែន​ ចិន​មិន​ចាំ​បាច់​ហត់​ប្រើ​កម្លាំង​យោធា​ដើម្បី​​​វាយ​ប្រហារ​ទេ​។ នេះ​បើ​យោង​តាម​​ការ​ប្រមើល​មើល​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​អាមេរិក​២​នាក់​។​ ប្រសិន​បើ​លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចម្រើន​ដែល​កំពុង​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ​ និង​ដែល​មាន​និន្នា​ការ​ប្រឆាំង​ទី​ក្រុង​ប៉េកាំង​បន្ត​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​បួន​ទៀត​ ពេល​នោះ​ចិន​នឹង​ត្រៀម​ខ្លួន​កាន់​តែ​ខ្លាំង​ដើម្បី​ប្រើ​ប្រាស់​កម្លាំង​យោធា​។

មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា​ប្រសិន​បើ​រឿង​នេះ​កើ​តឡើង​មែន លោក​គិត​ថា​ឆ្នាំ​២០២៨​នឹង​ក្លាយ​ជា​ឆ្នាំ​ដ៏​តាន​​តឹង​។ លោក​ឡៃ​ឈីតឹ​ដែល​ដឹក​នាំ​កោះ​តៃវ៉ាន់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ ហើយ​គណ​បក្ស​ DPP របស់​លោក​នៅ​តែ​ប្រកាន់​ខ្ជាប់​ជំហរ​មិន​ចូល​ទៅ​ខាង​ចិន​​ទេ​​ ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​មាន​កំហឹង​យ៉ាង​ខ្លាំង​។ ចំណុច​ដែល​ចិន​មិន​សប្បាយ​ចិត្ត​នៅ​ត្រង់​ថា​តៃវ៉ាន់ថ្លែង​ថា​មាន​តែ​ប្រជា​ជន​តៃវ៉ាន់​ប៉ុណ្ណោះ​​​មាន​សិទ្ធិ​សម្រេច​ជោគ​វាសនា​​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​។

ការ​វាយ​តម្លៃ​អំពី​គម្រោង​វាយ​ប្រហារ​តៃវ៉ាន់​ដែល​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ទស្សន៍​ទាយ​ដូច​ខាង​លើ​នេះ​ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ដ៏​សំខាន់​មួយ​ដើម្បី​ស្វែង​យល់​ថា​លោក​ស៊ី​ជីន​ពីង​ចង់​​ឱ្យ​កង​ទ័ព​ត្រៀម​លក្ខណៈ​ឱ្យ​បាន​រួច​រាល់​ត្រឹម​ឆ្នាំ​២០២៧​​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​នៅ​សប្ដាហ៍​នេះ លោក​ស៊ី​ជីន​ពីង​បាន​និយាយ​រំលឹក​អំពី​កោះ​តៃវ៉ាន់​ និង​លើក​ឡើង​អំពី​​ការ​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​ជាតិ​ដោយ​សន្តិ​វិធី​នៅ​ក្នុង​ទំនាក់​ទំនង​ចិន និង​តៃវ៉ាន់​។

អ្នក​វិភាគ​យល់​ថា​ឆ្នាំ​២០២៧​ជា​ឆ្នាំ​ដែល​កង​ទ័ព​ចិន​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​ មិន​មែន​ជា​ឆ្នាំ​ដែល​ចិន​វាយ​ប្រហារ​កោះ​តៃវ៉ាន់​នោះ​ទេ​។ ប៉ុន្តែ​វា​បាន​បង្ក​ជា​ភាព​ជ្រួល​ច្របល់​នៅ​ក្នុង​ចំណោម​រដ្ឋាភិបាល​អា​មេ​រិក​ដែល​ចង់​ទប់​ទល់​នឹង​ឥទ្ធិ​ពល​របស់​ចិន​នៅ​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​។ ភ្នាក់​ងារ​សម្ងាត់​អាមេរិក​ធ្លាប់​ឱ្យ​តម្រុយ​ថា​ចិន​ត្រៀម​វាយ​ប្រហារ​តៃវ៉ាន់​។ ពួក​គេ​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​របាយ​ការណ៍​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​ថា​ប្រទេស​ចិន​មិន​ទាន់​មាន​ផែន​ការ​វាយ​តៃវ៉ាន់​នៅ​ឆ្នាំ​ក្រោយ​ទេ​ ហើយ​​ចិន​ព្យាយាម​គ្រប់​គ្រង​កោះ​នេះ​ដោយ​វិធី​មិន​ប្រើ​ប្រាស់​កម្លាំង​ទ័ព​ប្រសិន​បើ​អាច​​ធ្វើ​ទៅ​បាន៕ ប្រភព៖ Reuters