ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​មណ្ឌលគិរី​ ក្លាយជា​ដំណាំ​យុទ្ធសាស្ត្រ​បង្កើត​ប្រាក់​ចំណូល​ខ្ពស់ អាជ្ញាធរ​ខេត្ត​ជំរុញ​ការ​ប្រមូល​ផល​ឱ្យ​ត្រូវ​ស្តង់ដា ដើម្បី​យកឈ្នះ​ទីផ្សារ

3 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​លុប​បំបាត់​បញ្ហា​ប្រឈម​ក្នុង​ការ​ប្រមូល​ផល​តាម​បែប​ធម្មតា​ដែល​នាំ​ឱ្យ​បាត់បង់​គុណភាព និង​ខុស​ស្តង់ដារ​បច្ចេកទេស រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ប្រគល់​សម្ភារ​បច្ចេកទេស​ប្រមូល​ផល​ជូន​ដល់​ប្រជា​កសិករ​ចំនួន ៥០០​នាក់ ស្ថិត​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា នា​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ ក្នុង​ឱកាស​អបអរសាទរ​ទិវា​កាហ្វេ​អន្តរជាតិ​។

ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​គូសបញ្ជាក់​ថា ការ​ផ្តល់​ជូន​សម្ភារ​បច្ចេកទេស​នា​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​សម្រួល​ដល់​ការងារ​ប្រមូល​ផល និង​សុវត្ថិភាព​របស់​កសិករ​ក្នុង​រដូវ​កាល​ឆ្នាំ​២០២៦ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ជំហាន​យុទ្ធសាស្ត្រ​ក្នុង​ការ​ជួយ​ឱ្យ​កសិករ​ប្រមូល​ផល​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ធានា​បាន​នូវ​គុណភាព រសជាតិ និង​ទទួល​បាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​។

ឯកឧត្តម​បន្ត​ថា សម្ភារ​ដែល​បាន​ចែក​ជូន​រួម​មាន មួក អៀម​ដាក់​ផ្លែ​កាហ្វេ និង​សានូរ​ការពារ​ជង្គង់ ដែល​ជា​ឧបករណ៍​ចាំបាច់​ជួយ​ការពារ​សុវត្ថិភាព និង​បង្កើន​ល្បឿន​ក្នុង​ការ​ប្រមូល​ផល​។

គួរ​បញ្ជាក់​ថា ខេត្តមណ្ឌលគិរី​មាន​អំណោយផល​ខ្លាំង​លើ​ប្រភេទ​ដីក្រហម​ជីជាតិ និង​អាកាសធាតុ​ត្រជាក់ ធ្វើ​ឱ្យ​ទិន្នផល​កាហ្វេ​ក្នុង​ឆ្នាំ​២០២៥ សម្រេច​បាន​រហូត​ដល់ ១,២៦៥ តោន លើ​ផ្ទៃដី​ប្រមូល​ផល ៥១៥ ហិ​កតា (​នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប ៦២៧ ហិ​កតា​)​។ ការ​បំពាក់​សម្ភារ​ថ្មី​នេះ ត្រូវ​បាន​រំពឹង​ថា​នឹងរ​ញុ​ច​ឱ្យ​ទិន្នផល និង​គុណភាព​កាហ្វេ​មណ្ឌលគិរី​ក្នុង​ឆ្នាំ​២០២៦ នេះ កាន់តែ​មាន​សក្តានុពល​ខ្ពស់​ជាង​មុន​ថែម​ទៀត​៕