ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ជាង ៤​ម៉ោង ទំរាំសង្គ្រោះដំរីព្រៃ២ក្បាល ចេញពីស្រះទឹកដោយជោគជ័យ និងវិល​ត្រឡប់ចូលព្រៃវិញដោយសុវត្ថិភាព​

4 ម៉ោង មុន
  • មណ្ឌលគិរី


ខេត្តមណ្ឌលគិរី ៖ កម្លាំង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​សង្គ្រោះ​សត្វ​ដំរីព្រៃ​ចំនួន ០២​ក្បាល (​ក្នុង​នោះ​មាន​ដំរី​ញី​ចំនួន ០១​ក្បាល​) ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ដែល​ប្រជាពលរដ្ឋ​ជីក​សម្រាប់​ប្រើប្រាស់ តែ​មិន​អាច​ឡើង​មក​លើ​វិញ​បាន ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់ និង​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ដោយ​សុវត្ថិភាព នៅ​ចំណុច​ចុង​រ៉ាង ស្ថិត​ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង នា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៦ ។

លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា ដោយសារ​តែ​ទីតាំង​កើតហេតុ​មាន​ភាព​លំបាក និង​ជម្រៅ​ស្រះ​ទឹក​ជ្រៅ ក្រុមការងារ​ត្រូវ​ប្រើប្រាស់​កម្លាំងបាយ​ជីកដី​បើកផ្លូវ​ដោយ​ដៃ អស់​រយៈពេល​ជាង ៤​ម៉ោង ទើប​អាច​សម្រួល​ផ្លូវ​ឱ្យ​សត្វ​ដំរីព្រៃ​ទាំង ២​ក្បាល មាន​លទ្ធភាព​ឡើង​ចេញពី​ស្រះ​ទឹកបាន​ដោយ​ជោគជ័យ​។

លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អាជ្ញាធរ​ដែនដី និង​ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​បាន​ផ្តល់​ព័ត៌មាន​ទាន់​ពេលវេលា និង​រួម​សហការ​គ្នា​យ៉ាង​ស្រ​សាក់​ស្រ​ស្រាំ​ក្នុង​សកម្មភាព​សង្គ្រោះ​នេះ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ថែម​ថា «​សត្វ​ដំរីព្រៃ គឺជា​ប្រភេទ​សត្វ​កម្រ និង​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មហាសាល​សម្រាប់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ខេត្តមណ្ឌលគិរី​ទាំងមូល​។ ការ​ចូលរួម​ជួយ​សង្គ្រោះ​ដំរីព្រៃ​នា​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​ការពារ​ជីវិត​សត្វព្រៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​បង្ហាញ​ពី​ការ​ភ្ញាក់រលឹក និង​ការ​យល់​ដឹង​កាន់តែ​ច្បាស់​របស់​បងប្អូន​ប្រជាពលរដ្ឋ​អំពី​សារសំខាន់​នៃ​ការ​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​»​។

លោក ហាស់ វិបុល ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ និង​តំបន់​ក្បែរ​ព្រៃ បន្ត​ចូលរួម​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោយ​ចៀសវាង​ការ​ធ្វើបាប ទាក់​ចាប់ ឬ​បរបាញ់​សត្វព្រៃ ហើយ​ប្រសិនបើ​ត​ជួប​ប្រទះ​ករណី​សត្វព្រៃ​ជួប​គ្រោះថ្នាក់ ឬ​មានការ​រំខាន​ណាមួយ សូម​រាយការណ៍​មក​មន្ត្រី​ជំនាញ​ជា​បន្ទាន់ ដើម្បី​រួម​គ្នា​រក្សា​ការពារ​ជីវចម្រុះ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕