ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ជំរុញ​សហគ្រាស រោងចក្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ ពង្រឹង​ឥរិយាបថ និង​ទំនាក់ទំនង​ការងារ ដើម្បី​លើកកម្ពស់​សុខដុម​នី​យ​កម្ម និង​ផលិតភាព

4 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដី​ពី “​ការ​លើកកម្ពស់​ឥរិយាបថ និង​ទំនាក់ទំនង​ការងារ​នៅ​កន្លែងធ្វើការ​” នា​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា ចិន ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​តំណាង​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ ជិត ៣០០​នាក់ មក​ពី​រោងចក្រ​ចំនួន ១៣០ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​លើកកម្ពស់​ ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​វិជ្ជាជីវៈ ការ​គោរព​សេចក្ដី​ថ្លៃថ្នូរ​គ្នា​ទៅ​វិញ​ទៅ​មក ការ​លើកកម្ពស់​ផលិតភាព​ការងារ និង​ស្ថិរភាព​ការងារ​ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការ​កសាង​បរិយាកាស​ការងារ​ប្រកបដោយ​ការ​គោរព និង​វិជ្ជាជីវៈ ដោយ​ចៀសវាង​ការ​ប្រើ​ពាក្យ​សម្ដី ឥរិយាបថ ឬ​សកម្មភាព​មិន​សមរម្យ ដែល​អាច​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ ទំនាក់ទំនង​ការងារ និង​បរិយាកាស​នៅ​កន្លែងធ្វើការ​ ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា និយោជក អ្នកគ្រប់គ្រង និង​កម្មករនិយោជិត ត្រូវ​រួម​គ្នា​អនុវត្ត​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង ខណៈ​ជនបរទេស​ដែល​ធ្វើការ​នៅ​កម្ពុជា ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ស្រប​តាម​ច្បាប់ ឈ្វេងយល់ និង​គោរព​វប្បធម៌ ទំនៀមទម្លាប់ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​ណែនាំ​ដល់​ម្ចាស់ និង​នាយក​សហគ្រាស ឱ្យ​ពង្រឹង​គោលការណ៍ និង​យន្តការ​ផ្ទៃក្នុង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ការ​គោរព ពិនិត្យ និង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ធនធានមនុស្ស​ជា​ប្រចាំ លើកកម្ពស់​ការ​ប្រាស្រ័យ​ទាក់ទង​នៅ​គ្រប់​កម្រិត និង​កែ​លម្អ​ចំណុច​ខ្វះខាត​ឱ្យ​បាន​ទាន់​ពេលវេលា ​។ ទន្ទឹម​នេះ សហគ្រាស​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​រវាង​និយោជក និង​កម្មករនិយោជិត​តាំងពី​ដំណាក់កាល​ដំបូង និង​អាច​រៀបចំ​ប្រអប់​បណ្ដឹង ឬ​ប្រអប់​ទទួល​សំណូមពរ ដើម្បី​ឱ្យ​បញ្ហា​ផ្សេង​ៗ​ត្រូវ​បាន​ទទួល និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា ​។

ជា​ពិសេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អ្នកគ្រប់គ្រង និង​បុគ្គលិក​ដែល​ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​ធនធានមនុស្ស ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​វិទ្យាស្ថាន​ជាតិ​ការងារ និង​រៀន​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​ពង្រឹង​ចំណេះដឹង ជំនាញ និង​ការ​យល់​ដឹង​អំពី​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ ។ ដើម្បី​សម្រួល​ដល់​ការ​ឈ្វេងយល់​របស់​អ្នកគ្រប់គ្រង​ជា​ជនបរទេស ក្រសួង​ក៏​បាន​បកប្រែ​ច្បាប់​ស្ដី​ពី​ការងារ​ជា​ភាសា​អង់គ្លេស ចិន កូរ៉េ និង​ជប៉ុន ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​សិទ្ធិ និង​កាតព្វកិច្ច និង​លើកកម្ពស់​វប្បធម៌​អនុលោម​ភាព​នៅ​សហគ្រាស​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រសួង​ផ្ដល់​អាទិភាព​លើ​ការ​អនុវត្ត​វិធីសាស្ត្រ “​ជួប ពន្យល់ និង​រំឭក​” ដើម្បី​បង្កើន​ការ​យល់​ដឹង កែសម្រួល​ឥរិយាបថ និង​បង្ការ​កុំឱ្យ​បញ្ហា​កើតឡើង​ដដែល​ៗ​នៅ​កន្លែងធ្វើការ ព្រមទាំង​លើកកម្ពស់​ការ​អនុលោម​តាម​ច្បាប់ ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ធានា​បាន​នូវ​សុខដុម​នី​យ​កម្ម​ក្នុង​សហគ្រាស សំដៅ​សម្រេច​បាន “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​”​ ។

ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគម​និយោជក សហជីព និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ លើកកម្ពស់​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួម​គ្នា​កសាង​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព វិន័យ ការ​គោរព​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ល្អ ​។ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​សហគ្រាស និង​គណៈ​គ្រប់គ្រង​ទាំងអស់ នឹង​យក​ចំណុច​សំខាន់​ៗ និង​វិធានការ​ដែល​បាន​ពិភាក្សា និង​ណែនាំ​ទៅ​ផ្សព្វផ្សាយ និង​អនុវត្ត​ឱ្យ​បាន​ជាក់ស្ដែង​ នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​របស់​ខ្លួន ដើម្បី​លើកកម្ពស់​ផលិតភាព រក្សា​ស្ថិរភាព​ការងារ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ៕ អត្ថបទសហការ