ជំនន់ទឹកភ្លៀងបានបង្ហាញពីមហន្តរាយដែលបង្កការប៉ះពាល់
- សៀមរាប
ខេត្តសៀមរាប ៖ ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងបានស្រកអស់ហើយ មិនមានភ្លៀងធ្លាក់ខ្លាំងទៀតទេ ។ ទោះបីជាបែបណា ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៦ លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ១២០០០ខ្នង នៅតាមក្រុង-ស្រុកទាំង១៣នៃខេត្តសៀមរាប បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មានគ្រួសាររងផលប៉ះពាល់សរុបចំនួន១៥៤៧២គ្រួសារ ហើយចំនួន១៣១០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកពួក ស្រុកអង្គរជុំ និងស្រុកស្រីស្នំ ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ដាក់គ្រឿងចក្រស្ដារបើកមុខទឹកដែលជន់លិចបង្កផលប៉ះពាល់ និងដើម្បីរំដោះមុខទឹកប្រឡាយឃុំត្រីញ័រ ស្រុកពួក និងរំដោះទឹកមុខសាលាបឋមសិក្សាធ្វាស កាយបើកមុខទឹកដាក់លូរំដោះទឹកឆ្លងផ្លូវ ឃុំត្រាំសសរ ស្រុកស្រីស្នំ និងបានណែនាំអាជ្ញាធរស្រុកអង្គរជុំ ត្រូវលើកផែនការស្ដារប្រឡាយ និងរំដោះទឹក កុំឲ្យជន់លិចនៅឆ្នាំបន្ទាប់ ។

លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ បន្តតាមដានដោយយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេស លំនៅឋានដែលរងការជន់លិច ។ ក្នុងនាម អាជ្ញាធរត្រូវសហការជាមួយមន្ត្រីជំនាញ ពិនិត្យជាក់ស្ដែងលើផលប៉ះពាល់ចំពោះដំណាំគ្រប់ប្រភេទ និងហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ ជំរុញធ្វើយ៉ាងណាដោះស្រាយឱ្យបានទាន់ពេលវេលា និងល្អប្រសើរ ។

សូមជម្រាបថា ក្រៅពីលំនៅឋានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក៏មានហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកមួយចំនួនទៀត រងផលប៉ះពាល់ដូចគ្នា ។ ក្នុងនោះមាន សាលារៀន ៦០កន្លែង មន្ទីរពេទ្យ-មណ្ឌលសុខភាព ៩កន្លែង អគាររដ្ឋបាល ៩កន្លែង និងវត្ត-វិហារសាសនា ១៨កន្លែង ។ ប៉ះពាល់ផ្លូវក្រាលកៅស៊ូប្រវែង ១២ ៤០០ម៉ែត្រ និងខូចខាត ៥៩ម៉ែត្រ ប៉ះពាល់ផ្លូវបេតុងប្រវែង ១១ ០១៥ម៉ែត្រ និងខូចខាតប្រវែង ១៥ម៉ែត្រ ប៉ះពាល់ផ្លូវដីស-ក្រួសក្រហមប្រវែង ២២៤ ៩៤៤ម៉ែត្រ និងខូចខាតប្រវែង ៤ ៥៤៥ម៉ែត្រ ប៉ះពាល់ទំនប់ ១១ ៤៤០ម៉ែត្រ និងដាច់-ខូចប្រវែង ១ ៩០០ម៉ែត្រ និងប៉ះពាល់ស្ពាន-លូកាត់ផ្លូវប្រវែង ១១២ម៉ែត្រ និងដាច់-ខូចប្រវែង ១១២ម៉ែត្រ ។

ដោយឡែក ចំពោះវិស័យផលិតកម្ម កសិកម្មបានប៉ះពាល់លើស្រូវពង្រោះ ២៦ ៨៣៤ហិកតា ដំណាំដំឡូងមី ៩០៧ហិកតា ដំណាំពោត ១៣ហិកតា ដំណាំរួមផ្សំ ៧៥ហិកតា សត្វគោក្របីជម្លៀស ៨៦៨ក្បាល ជ្រូកជម្លៀស១ ២២៣ក្បាល និងងាប់ ៨០ក្បាល មាន់ទា ជម្លៀស១០៦០ក្បាល និងងាប់២៤០ក្បាល ៕


ចែករំលែកព័តមាននេះ