ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹត្តិការណ៍​ប្រណាំង​ទូកង​ឆ្នាំ​២០២៦ អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​ចូលរួម​ទស្សនា​ជាង​២​ម៉ឺន​នាក់

4 អាទិត្យ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា រដ្ឋបាល​ស្រុក​ពារាំង បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកង​យ៉ាង​អធិកអធម ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ លើក​ស្ទួយ​កីឡា​ប្រពៃណី អភិរក្ស​មរតក​វប្បធម៌​ជាតិ និង​ពង្រឹងស្មារតី​សាមគ្គីភាព​ក្នុង​សហគមន៍ ដោយ​មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករ និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ប្រមាណ ២៣.៥៥១​នាក់​។

ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ស្ទឹង​ស្នាយ​ពល ស្ថិត​ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ក្រោម​អធិបតីភាព​ឯកឧត្តម ហួត ឈាង​អន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម វង្ស ពិ​សេន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង​។

លោក ចេ​ម ប្រា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពារាំង បាន​ថ្លែង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​បន្ត​ថែរក្សា និង​លើក​ស្ទួយ​កីឡា​ប្រពៃណី​ដែល​ជា​កេរដំណែល​ដ៏​ល្អ​ផូរផង់​របស់​ដូនតា​ខ្មែរ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ​យុវជន​ចូលរួម​លេង​កីឡា ដើម្បី​ពង្រឹង​សុខភាព បណ្តុះ​ស្មារតី​សាមគ្គីភាព និង​ជៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​នានា​។

លោក ចេ​ម ប្រា បាន​បញ្ជាក់​ថា កីឡា​ប្រណាំង​ទូកង មិនមែន​គ្រាន់តែ​ជា​ការ​ប្រកួតប្រជែង​ដើម្បី​ដណ្តើម​ជ័យ​លា​ភី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កីឡា​ដែល​ទាមទារ​ឱ្យ​កីឡាករ​មាន​វិន័យ ភាព​អត់ធ្មត់ ការ​សហការ​គ្នា និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ជា​ពិសេស ការ​រួបរួម​កម្លាំង​ចែវ​ទូក​ឱ្យ​មាន​ចង្វាក់​ស្របគ្នា គឺជា​និមិត្តរូប​នៃ​សាមគ្គីភាព និង​ការ​ឯកភាព​គ្នា​ឆ្ពោះទៅ​រក​គោលដៅ​រួម​។ ម្យ៉ាងវិញទៀត ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រពៃណី​បែប​នេះ ក៏​អាច​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​បង្កើន​ឱកាស​រក​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ដែរ​។

ការ​ប្រកួតប្រណាំង​ទូកង​នៅ​ស្រុក​ពារាំង​នេះ គណៈកម្មការ​រៀបចំ បាន​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ទូកង​ចំណុះ​១២​នាក់ និង​ប្រភេទ​ទូកង​ចំណុះ​២២​នាក់ និង​មាន​ទូក​ចូលរួម​ប្រកួត​សរុប​ចំនួន 46 ទូក​។

យោង​តាម​លទ្ធផល​នៃ​ការ​ប្រកួត ទូកង​ចំណុះ​១២​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ទូកង​ពាក់​ស្លាក​លេខ​០១៧ ឈ្មោះ «​ឧត្តរ​មុនី​សាគរ​មាន​ជ័យ​បារមី​ស្ដេច​នាគ​ខ្មៅ​»​។

ចំណែក​ប្រភេទ​ទូកង​ចំណុះ​២២​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ទូកង​ពាក់​ស្លាក​លេខ​០៣៦ ឈ្មោះ «​អធិរាជ​វាល​ស្បូវ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ខាង​មុខ រដ្ឋបាល​ខេត្តព្រៃវែង និង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកង​ថ្នាក់​ខេត្ត​ដ៏​ធំ​មួយ​ផង​ដែរ ដោយ​មាន​រយៈពេល 2 ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី 24 និង 25 ខែតុលា​ខាង​មុខ នៅ​ចំណុច​ចុង​ប៉ម ខាង​មុខ​សាលាខេត្ត​ព្រៃវែង ព្រមទាំង​មាន​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ប្រភេទ​ទៀត នៅ​ពេល​រាត្រី ដែល​អាច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​អាច​អញ្ជើញ​ចូលរួម​លេង​កម្សាន្ត​បាន​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ​ ៕​