ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​មណ្ឌលគិរី​ ចុះ​ពិនិត្យ និង​ជំរុញ​ការ​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ ១ ៥០០​ម៉ែត្រ ក្នុង​ក្រុង​សែន​មនោ​រម្យ

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ដោះ​ក្រមុំ និង​ភូមិ​ឡៅ​កា បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដែល​បាន​យកចិត្តទុកដាក់​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ​ថ្មី​មួយ​ខ្សែ​នេះ​ឡើង​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា កន្លង​មក ផ្លូវ​មួយ​ខ្សែ​នេះ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស​នៅ​រដូវវស្សា​មាន​ភក់ជ្រាំ និង​រដូវប្រាំង​មាន​ដី​ហុយ ប៉ុន្តែ​នៅ​ពេល​ផ្លូវ​បេតុង​នេះ​ស្ថាបនា​រួចរាល់ វា​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ ការ​ដឹក​ជញ្ជូន​កសិផល និង​ការ​ធ្វើ​ដំណើរ​របស់​សិស្សានុសិស្ស​ទៅ​សិក្សា​បាន​យ៉ាង​ងាយស្រួល និង​សុវត្ថិភាព​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​សកម្មភាព​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ​ថ្មី​នេះ ដែល​មាន​ប្រវែង ១ ៥០០ ម៉ែត្រ ភ្ជាប់​ចាប់ពី​ចំណុច​កែង​ផ្លូវបំបែក​វិមាន​ឯករាជ្យ ស្ថិត​ក្នុងភូមិ​ដោះ​ក្រមុំ ឆ្ពោះទៅ​កាន់​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ និង​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ក្រុមហ៊ុន​ទទួល​ការ​ម៉ៅ​ការ​សាងសង់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​បច្ចេកទេស និង​គុណភាព​សំណង់​ជា​ចម្បង ដើម្បី​ឱ្យ​ផ្លូវ​បេតុង​នេះ​មាន​ភាពរឹងមាំ មាំទាំ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង​។​ត្រូវ​រៀបចំ​ការដ្ឋាន និង​ផ្លូវ​វាង​បណ្តោះអាសន្ន​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ប្រកប​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ជៀស​ផុត​ពី​ការ​កកស្ទះ ឬ​គ្រោះថ្នាក់​ផ្សេង​ៗ​អំឡុង​ពេល​សាងសង់​។​ត្រូវ​ដាក់​ស្លាក​សញ្ញា​សុវត្ថិភាព ស្លាក​សញ្ញា​ព្រមាន និង​ភ្លើង​បំភ្លឺ​នា​ពេល​យប់​នៅ​តំបន់​ការដ្ឋាន​សាងសង់ ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​។

គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​មុខមាត់ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ក្នុង​ក្រុង​សែន​មនោ​រម្យ សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី​ផង​ដែរ​៕