ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​សេវាកម្ម​វាយតម្លៃ​សកល AQA នៃ​ចក្រភព​អង់គ្លេស ចុះ MoU ពង្រឹង​ភាព​ជា​ដៃគូ​អភិវឌ្ឍ​ជំនាញ និង​ការ​ពង្រឹងគុណភាព TVET ដើម្បី​លើកកម្ពស់​ជំនាញ​កម្លាំង​ពលកម្ម​ស្រប​តាម​តម្រូវការ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា

11 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ន ក្រូ​លី (Shaun Crowley) នាយក​ទទួល​បន្ទុក​កិច្ចការ​អន្តរជាតិ​នៃ​ស្ថាប័ន​សេវាកម្ម​វាយតម្លៃ​សកល AQA (AQA Global Assessment Services) នា​រសៀល​ថ្ងៃ​ទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្លាស់​ប្តូរ​យោបល់​លើ​ការ​អភិវឌ្ឍ​វិស័យ TVET តាម​រយៈ​ការ​អភិវឌ្ឍ​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល​, ការ​វាយតម្លៃ និង​ធានា​គុណភាព TVET, និង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន TVET នៅ​កម្ពុជា និង​ចក្រភព​អង់គ្លេស ព្រមទាំង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ជំនាញ ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ស៊ន ក្រូ​លី និង​សហការី ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់ AQA ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជា​ផ្លូវការ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ TVET នៅ​កម្ពុជា ​។ លើស​ពី​នេះ ភាព​ជា​ដៃគូ​នេះ​ក៏​ជា​សក្ខីភាព​មួយទៀត​នៃ​សមិទ្ធផល​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ ។ ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​ឆន្ទៈ​របស់ AQA ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នាំ​យក​ស្តង់ដា​នៅ​ចក្រភព​អង់គ្លេស​មក​ចែករំលែក​នៅ​កម្ពុជា​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​លើក​ឡើង​ថា ការ​ចូលរួម​របស់​ស្ថាប័ន​អប់រំ​លំដាប់​អន្តរជាតិ​របស់​ចក្រភព​អង់គ្លេស គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​មួយទៀត​ក្នុង​ការ​លើកកម្ពស់​គុណភាព TVET និង​ស្តង់ដា​ជំនាញ​នៅ​កម្ពុជា ព្រមទាំង​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាជន និង​និយោជក​លើ​ជំនាញ​ដែល​ទទួល​បាន​តាម​រយៈ​កម្មវិធី TVET​ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ជឿជាក់​ថា ការ​បន្ត​កិច្ច​សន្ទនា និង​ការ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​នឹង​អាច​ប្រែក្លាយ MoU ទៅ​ជា​សកម្មភាព​ជាក់ស្តែង​សម្រាប់​ឧត្តម​ប្រយោជន៍​រួម​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ការ​ត្រៀមខ្លួន​ជាស​ម្រេច​ក្នុង​ការ​បន្ត​ពង្រឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ​នេះ ហើយ​ក៏​នៅ​មាន​វិស័យ​ជា​ច្រើន​ទៀត​ដែល​អាច​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​នា​ពេល​អនាគត ​។

ជា​ការ​ឆ្លើយ​តប លោក ស៊ន ក្រូ​លី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុង​កិច្ច​ពិភាក្សា​ប្រកបដោយ​ផលិតភាព និង​បាន​សម្តែង​សេចក្តី​រីករាយ​ចំពោះ​ការ​ចុះហត្ថលេខា​លើ MoU នេះ ដែល​លោក​ចាត់​ទុក​ថា ជា​សមិទ្ធផល​ដ៏​សំខាន់ ហើយ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា ដែល​បន្ត​ពង្រឹង​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​វិស័យ TVET នា​ពេល​បច្ចុប្បន្ន ​។ លោក​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ស្តង់ដា ការ​អភិវឌ្ឍ​គុណវុឌ្ឍិ និង​ការ​កសាង​សមត្ថភាព គឺជា​វិស័យ​សំខាន់​ៗ​ដែល AQA អាច​ចូលរួម​គាំទ្រ​ដោយ​ផ្អែក​លើ​បទ​ពិសោធ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​នៅ​ប្រទេស​នានា ​៕ អត្ថបទសហការ