ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីស្រា​អែល​វា.យ​ឆ្ម.ក់​ពី​លើ​អាកាស​ស.ម្លា.ប់​មេ​ធំ​របស់​ក្រុម​ហាម៉ាស់​ម្នាក់​ប្រចាំ​តំបន់​ហ្កា​ហ្សា​ខាង​ជើង​

1 ថ្ងៃ មុន

ទី​ក្រុង​យេ​រូសាឡឹម៖ ថ្ងៃ​នេះ អុីស្រា​អែល​លេង​ឈុត​ធំ​តែ​ម្ដង​ដោយ​ប្រល័យ​បាន​មេ​ធំ​ម្នាក់​របស់​ក្រុម​ហាម៉ាស់​។ មន្ត្រី​រដ្ឋាភិបាល​អុីស្រា​អែល​ និង​ប៉ាឡេស្ទីន​សុទ្ធ​តែ​អះ​អាង​​ដូច​ៗ​គ្នា​ថា​អុីស្រា​អែល​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​តាម​យន្ត​ហោះ​ចម្បាំង​ពី​អាកាស​សម្លាប់​ប្រធាន​សាខា​ក្រុម​ហាម៉ាស់​នៅ​ជ្រោយ​ហ្កា​ហ្សា​ខាង​ជើង​ លោក​អុីស អាល់​ឌីន​ អាល់​បេក (Izz al-Din Al-Beik)។ នាយក​រដ្ឋ​មន្ត្រី​អុីស្រា​​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ និង​រដ្ឋ​ម​ន្ត្រី​កា​រពារ​ជាតិ​របស់​លោក​គឺ​លោក​អុីស្រា​អែល​ ខាត់​ (Israel Katz) ថ្លែង​ថា​យោធា​អុីស្រា​អែល​កំណត់​គោល​ដៅ​ដឹង​ថា​លោក​បេក​ស្ថិត​នៅ​ទី​កន្លែង​ណា​ ហើយ​ក៏​បាញ់​ផ្តក់​ចំ​ល្អ​ណាស់​ គ្មាន​ខុស​អ្វី​បន្តិច​ទេ​។ លោក​ទាំង​២​អះ​អាង​ថា​មេ​ហាម៉ាស់​រូប​នេះ​ចូល​រួម​ច្រើន​ណាស់​នៅ​ក្នុង​ការ​រៀប​ចំ​​ផែន​ការ​វាយ​ប្រហារ​ទៅ​លើ​អុីស្រា​អែល និង​ការ​ជ្រើស​រើស​យុទ្ធ​ជន​សម្រាប់​ប្រយុទ្ធ​នៅ​ក្នុង​សមរ​ភូមិ​។

នៅ​ថ្ងៃ​នេះ​ដដែល​ ក្រុម​ហាម៉ាស់​ចេញ​សេចក្ដី​ប្រកាស​មួយ​ដើម្បី​បញ្ជាក់​ថា​លោក​បេក​ពិត​ជា​បាន​ទទួល​អនិច្ច​កម្ម​ហើយ​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​អុីស្រា​អែល​។ ក្រុម​គ្រូ​ពេទ្យ​បញ្ជាក់​បន្ថែម​ថា​ការ​វាយ​ប្រហារ​នោះ​ត្រូវ​ចំ​អគារ​អាផាត​មឹន​មួយ​កន្លែង​នៅ​ទី​ក្រុង​ហ្កា​ហ្សា​កាល​ពី​ពេល​ព្រឹក​ព្រហាម​។ ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ទៀត​រង​របួស​។ ប៉ុន្តែ​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​ គាត់​ក៏​បាន​ស្លាប់​ដែរ​ទៅ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រីសុខាភិបាល​ប៉ាឡេស្ទីន​។ អុីស្រា​អែល​អះ​អាង​ថា​ក្រុម​ហាម៉ាស់​មិន​ដូច​ការ​សន្យា​ពួក​គេ​ថា​កាត់​រំសាយ​អាវុធ​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​បំពាក់​អាវុធ​ឡើង​វិញ​យ៉ាង​សកម្ម​ និង​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​។ ដូច្នេះ អុីស្រា​អែល​ចាត់​ទុកថា​នេះ​​ជា​ការ​រំលោភ​បទ​ឈប់​បាញ់​ដែល​ព្រម​ព្រៀង​គ្នា​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​។

អុីស្រា​អែល​សំអាង​លើ​ហេតុ​ផល​នេះ​ក៏​បង្កើន​ការ​វាយ​ប្រហារ​លើ​ក្រុម​ហាម៉ាស់​កាន់​តែ​ខ្លាំង​ឡើង​ៗ​នា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​។ ​យោធា​អុីស្រា​អែល​ថ្លែង​ថានៅ​ក្នុង​ខែ​កញ្ញា​នេះ ខ្លួន​សម្លាប់​ក្រុម​ហាម៉ាស់​យ៉ាង​តិច​ម្ភៃ​នាក់​។ ក្នុង​នោះ​ អ្នក​ស្លាប់​ខ្លះ​ជា​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​របស់​ហាម៉ាស់, ​ខ្លះ​ជា​អ្នក​​ចូល​រួម​រៀប​ចំ​​ផែន​ការ​វាយ​ប្រហារ​អុីស្រា​អែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​ និង​ខ្លះ​ទៀត​​​ជា​អ្នក​ចាប់​ជន​ជាតិ​អុីស្រា​អែល​ធ្វើ​ជា​ចំណាប់​ខ្មាំង​​​។ ក្រុម​ហាម៉ាស់​បដិសេធ​ថា​ខ្លួន​គ្មាន​បាន​វាយ​ប្រហារ​អុីស្រា​អែល​ ឬ​កសាង​កម្លាំង​ទ័ព​របស់​ខ្លួន​ឡើង​វិញ​នោះ​ទេ​។ ហាម៉ាស់​ចោទ​ប្រកាន់​ថា​អុីស្រា​អែល​ជា​អ្នក​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​កិច្ច​ព្រម​ព្រៀង​​នៅ​តំបន់​ហ្កា​ហ្សា​។

សូម​ជម្រាប​ថា​បទ​ឈប់​បាញ់​ដែល​សម្រប​សម្រួល​ដោយ​អាមេរិក និង​ដែល​ព្រម​ព្រៀង​គ្នា​កាល​ពី​ឆ្នាំ​មុន​នោះ​ក៏​មាន​និយាយ​អំពី​ការ​កសាង​តំបន់​ហ្កា​ហ្សា​ឡើង​វិញ​ផង​ដែរ​។ ប៉ុន្តែ​បទ​ឈប់​បាញ់​នេះ​ហាក់​ដូច​ជា​អនុ​វត្ត​មិន​សូវ​បាន​ពេញ​លេញ​ប៉ុន្មាន​ទេ​ដោយ​ហេតុ​ថា​ក្រុម​ហាម៉ាស់​មិន​ព្រម​ទម្លាក់​អាវុធ​ចុះ​ ចំណែក​អុីស្រា​អែល​មិន​ព្រម​ដក​កង​ទ័ព​ពី​ហ្កា​ហ្សា​។ ភាគី​ម្ខាង​ៗ​ទាម​ទារ​ឱ្យ​ម្ខាង​ទៀត​អនុ​វត្ត​មុន​ទើប​ខ្លួន​អនុ​វត្ត​តាម​ក្រោយ​។ ឧទាហរណ៍ ហាម៉ាស់​ថា​ទាល់​តែ​អុីស្រា​អែល​ដក​ទ័ព​សិន​ទើប​ខ្លួន​ទម្លាក់​អាវុធ​ ចំណែក​អុីស្រា​អែល​ថា​ទាល់​តែ​ហាម៉ាស់​ទម្លាក់​អាវុធ​សិន​ទើប​ខ្លួន​ដក​ទ័ព​។​​ ចំណុច​ដែល​ហាម៉ាស់​មិន​​ទម្លាក់​អា​វុធ​​នេះ​ជា​អ្វី​ដែល​អុីស្រាអែល​យក​ធ្វើ​ជា​ភាព​សម​ហេតុ​ផល​ដែល​ខ្លួន​ត្រូវ​​តែ​បន្ត​យុទ្ធ​នា​ការ​វាយ​ប្រហារ​តាម​អាកាស​៕ ប្រភព៖ Reuters