រាជធានីភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើសកម្មភាពលាងសម្អាតមហាវិថី សហព័ន្ធរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានដីកកលើផ្លូវ ដោយសារភ្លៀងធ្លាក់មួយមេធំ ។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឱ្យកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ពិសេសនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបទី២ និងសង្កាត់ចោមចៅទី៣ បានទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ។
ក្រោយពីទឹកបានស្រកអស់ ម្យ៉ាងដោយមានធូលីដីកកលើទ្រូងផ្លូវ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំជាបន្ទាន់ឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់រថយន្ត ១០គ្រឿង ធ្វើការលាងសម្អាតភ្លាមៗ ដោយចាប់អនុវត្តពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សាលារៀនជម្ពូវ័ន ដើម្បីកុំឱ្យដីហុយប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ហើយក៏ជាការលើកកម្ពស់សោភណភាពរាជធានីភ្នំពេញផងដែរ ខណៈដែលពេលនេះ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលកាន់ព្រះពុទ្ធសាសនា កំពុងធ្វើដំណើរទៅដាក់វេនបិណ្ឌ តាមប្រពៃណីសាសនានៅតាមវត្តអារាមនានា ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា កំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ពិសេសនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រព័ន្ធលូបង្ហូរទឹក ២ខ្សែ ដែលត្រូវហូររំដោះចេញ ដោយខ្សែទី១ នៅប៉ែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ី ទឹកត្រូវហូរចាក់បន្តទៅប្រឡាយទួលសំពៅ។ ចំណែកខ្សែទី២ ប៉ែកខាងត្បូងមហាវិថីសហព័ន្ធរុស្ស៊ី ទឹកត្រូវហូរទៅប្រឡាយបារាំង។ ប៉ុន្តែឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ កំណាត់មហាវិថីមួយនេះ តែងទទួលរងការលិចលង់ ហើយក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចុះដោះស្រាយភ្លាមៗ ធ្វើឱ្យការលិចលង់មិនប្រើពេលយូរនោះទេ ៕













ចែករំលែកព័តមាននេះ