សង្ស័យលក់ខ្ទេចលក់ខ្ទីរទេដឹង? ដីសាលប្រជុំឆ្នេរទន្លេកំពុងពុះឡូត៍ក្លាយជាផ្ទះល្វែងទៅហើយ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មហាជននាំគ្នានិយាយពីមាត់មួយទៅមាត់មួយថា មានករណីយកដីសាលប្រជុំឆ្នេរទន្លេលក់ឲ្យក្រុមហ៊ុនឯកជនមួយសាងសង់ផ្ទះល្វែងលក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរផ្សារក្រមួន ដែលនៅជាប់របងចំពីមុខផ្ទះល្វែងលក់នេះ ។ ដោយក្រុមហ៊ុនលើកផ្លាកគម្រោងសាងសង់ផ្ទះល្វែងលក់ ហើយដាក់គ្រឿងចក្រឈូសឆាយ និងបុកគ្រឹះសាងសង់ផ្ទះល្វែងនៅក្នុងរបងនៃបរិវេណដីសាលាប្រជុំឆ្នេរទន្លេដែលប្រជាពលរដ្ឋក្រុងស្វាយរៀងគេស្គាល់ថា ជាដីសាធារណៈរបស់រដ្ឋតាំងពីទសវត្សរ៍៨០មកម្ល៉េះ ។

មហាជនលើកឡើងនេះ គឺមានរយៈពេលបីបួនថ្ងៃមកហើយ រហូតមកដល់ថ្ងៃទី២៩ កញ្ញា២០២៦នេះ ។ បើតាមមន្ត្រីចាស់ទុំបានឲ្យដឹងថា សាលប្រជុំឆ្នេរទន្លេ គឺបានកសាងឡើងក្នុងទសវត្សរ៍៨០ ជាសាលានយោបាយ ដែលគេសាងសង់អគារធំមួយសម្រាប់ប្រជុំថ្នាក់ខេត្ត និងរៀបចំពិធីសិក្ខាសាលាផ្សេងៗ និងសម្តែងសិល្បៈជាដើម ។ល។ មិននឹកស្មានថា គេពុះឡូត៍ធ្វើផ្ទះល្វែងលក់សោះ ។

ទាក់ទិនករណីនេះដែរ បុរសម្នាក់ដែលជាម្ចាស់គម្រោងបានប្រាប់អ្នកសារព័ត៌មានយើងថា ផ្ទះល្វែងសង់លក់នេះ មានទំហំ៤ម៉ែត្រx៨ម៉ែត្រ មានតម្លៃក្នុង១ល្វែង២៥.២០០ដុល្លារ សរុប២៥ល្វែង គ្រាន់តែចាប់បុកគ្រឹះហើយប្រកាសលក់ភ្លាម គឺមានអ្នកមកទិញអស់ភ្លាម។

ទាក់ទិករណីនេះដែរ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍តាមទូរសព្ទ័ថា ដីសាងសង់ផ្ទះល្វែងលក់នេះ គឺជាដីឯកជនរបស់គេ ក៏ប៉ុន្តែនៅពេលអ្នកសារព័ត៌មានយើងសួរថា ដីសាលប្រជុំឆ្នេរទន្លេនេះ មហាជនលើកឡើងថា ជាដីសាធារណៈរបស់រដ្ឋ តើស្ថាប័នណាគេលក់ ទើបទៅជាទ្រព្យសម្បត្តិឯកជន ។

លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានមានប្រសាសន៍ថា លោកក៏មិនដឹងច្បាស់ដែរ លោកបានឮគេប្រាប់ថា ដីសាលប្រជុំឆ្នេរទន្លេនេះ ត្រូវបានដាក់ជាទ្រព្យសម្បត្តិគណបក្សក្រោយបោះឆ្នោតឆ្នាំ១៩៩៣មកម្ល៉េះ ក៏ប៉ុន្តែដើម្បីឲ្យច្បាស់ សូមទៅសួរមន្ត្រីជំនាញសុរិយោដីទៅ ។

អ្នកសារព័ត៌មានយើងបានសួរទៅមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀងដែរ មន្ត្រីសុរិយោដីខេត្តឲ្យសួរទៅរដ្ឋបាលខេត្តស្វាយរៀង លោកអភិបាលរងខេត្តទទួលបន្ទុក តាមឋានានុក្រមទៅ។

អ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងតាមទូរសព្ទ័ទៅលោក សរ សុខដានី អភិបាលរងខេត្តស្វាយរៀងជាច្រើនដងដែរ រហូតមកដល់រសៀលថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៦ នេះ ក៏ប៉ុន្តែទូរស័ព្ទចូលហើយ គ្មានអ្នកលើក ។
ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។



ចែករំលែកព័តមាននេះ