ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់បិណ្ឌវេនទី២! អគ្គិភ័យឆេះសាលាឆាន់ ផ្អើលទាំងយប់​

1 ថ្ងៃ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​គណៈកម្មការ​អាចារ្យវត្ត​រាប់​សិប​នាក់ បាន​ផ្អើល​រត់​ជាន់​ជើង​គ្នា​ទាំង​កណ្ដាល​យប់ ដោយសារ​តែ​មាន​អគ្គី​ភ័យ​ឆាបឆេះ​នៅ​លើ​សាលាឆាន់​។

អគ្គី​ភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 11 និង 20 នាទី​យប់ ថ្ងៃ​ទី 28 កញ្ញា នៅ​លើសាលាឆាន់ ក្នុង​ទី​អារាម​វត្ត​មុន្នី​រតនា​រាម ហៅ វត្ត​តាកែវ ស្ថិត​ក្នុងភូមិ​តាកែវ ​ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

សាលាឆាន់​នេះ​មាន​ទំហំ​បណ្ដោយ ៣៨ ម៉ែត្រ​និង​ទទឹង ២០​ម៉ែត្រ សង់​អំពី​បេតុង​ប្រក់​ស័ង្កសី ត្រូវ​បាន​អណ្ដាតភ្លើង​ឆាបឆេះ​នៅ​ចំ​កណ្ដាល​ត្រង់​ចំណុច​បល្ល័ង្ក​ព្រះ ហើយ​ភ្លាម​ៗ​ត្រូវ​បាន​គេ​ដឹង​ទាន់ និង​ធ្វើការ​ពន្លត់​បាន​ភ្លាម​ៗ មិន​បាន​បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ទេ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យោង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ ​រួម​នឹង​ការ​​បំភ្លឺ​របស់​ព្រះសង្ឃ និង​តា​អាចារ្យ បាន​បញ្ជាក់​ថា​អគ្គី​ភ័យ​នេះ​ឆាបឆេះ​ឡើង ដោយសារ​ភ្លើងទាន​ដែល​ដុត​នៅ​មុខ​បល្ល័ង្ក​​ព្រះ ដោយ​គេ​ដុត​ចោល ​គ្មាន​អ្នក​នៅ​មើល ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​វាំងនន​នៅ​ខាងលើ​ព្រះ​កេស​ពុទ្ធបដិមា ​បង្កជា​អគ្គិភ័យ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​កើត​មាន​អគ្គិ​ភ័យខាងលើ​​ភ្លាម ក៏​មាន​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​បាន​ភ្ញាក់​ពី​សិង ហើយ​ឃើញ​អណ្ដាតភ្លើង​កំពុង​ឆេះ​នៅ​លើ​សាលាឆាន់ ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង ផ្អើល​ព្រះសង្ឃ​និ​ង​តា​អាចារ្យ នាំ​គ្នា​រត់​ចែក​ជើង​គ្នា​យក​ទឹក​មក​បាញ់​ពន្លត់ អស់​រយៈពេល​ជាង​មួយ​ម៉ោង​ទើប​ភ្លើង​រលត់​ជា​ស្ថាពរ​។

អគ្គិ​ភ័យ​នេះ​បាន​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​:​មួយ​ចំនួន​ដូច​ជា វាំងនន​តាំង​លម្អ​កន្លែង​ពុទ្ធរូប កម្រាលព្រំ កន្ទេល និង​ឆេះ​ដំបូល​សាលាឆាន់​អស់​ទំហំ 4 ម៉ែត្រការ៉េ តែ​មិន​បាន​បណ្ដាល​ឲ្យ​ព្រះសង្ឃ ឬ​តា​អាចារ្យ​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​ ៕