ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ថៃ​ប្រឈម​នឹង​ការ​ពិន័យ ក្រោយ​សំណាក​ទី​២ នៅ​តែ​បង្ហាញ​លទ្ធផល​វិជ្ជមាន​សារធាតុ​ហា.មឃាត់

1 ថ្ងៃ មុន

ប្រទេស​ជប៉ុន ៖ កីឡាការិនី​វាយ​សី​ជម្រើសជាតិ​ថៃ Pitchamon Opatniputh ដែល​កំពុង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) ឆ្នាំ​២០២៦ នៅ​ក្នុង​ប្រទេស​ជប៉ុន ត្រូវ​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សារធាតុ​ហាមឃាត់ Furosemide បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​សំណាក B (​សំណាក​ទី​២) របស់​នាង បង្ហាញ​លទ្ធផល​ដូច​គ្នា​ទៅ​នឹង​សំណាក A​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ លោក Surasak Phancharoenworakul កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា​។

បើ​តាម​ចេញផ្សាយ​ពី​សារព័ត៌មាន​ថៃ PBS World បានឱ្យ​ដឹង​ថា កីឡាការិនី​វ័យ​១៩​ឆ្នាំ Pitchamon ត្រូវ​បាន​ព្យួរ​ការ​ប្រកួត បន្ទាប់​ពី​ការ​ធ្វើតេស្ត​ប្រឆាំង​នឹង​សារធាតុ​ហាមឃាត់​លើ​សំណាក​ដំបូង​របស់​នាង ដែល​ប្រមូល​មុន​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា បាន​រក​ឃើញ​វិជ្ជមាន​សារធាតុ Furosemide ឬ​ថ្នាំ​បញ្ចុះ​ទឹកនោម ដើម្បី​បញ្ចេញ​ជាតិ​ទឹក​សម្រាប់​ការ​សម្រក​ទម្ងន់​បាន​លឿន​។

ការ​រក​ឃើញ​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ទីភ្នាក់ងារ​តេស្ត​សារធាតុ​ហាមឃាត់​អន្តរជាតិ ITA កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ដែល​ធ្វើ​ឱ្យ​នាង​មិន​មាន​សិទ្ធិ​គ្រប់​គ្រាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Games​។ នេះ​ជា​ករណី​ដំបូង​បង្អស់​ផង​ដែរ សម្រាប់​ព្រឹត្តិការណ៍​ដែល​កំពុង​ដំណើរការ​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ​។

យ៉ាងណាមិញ នាង​បាន​ស្នើ​សុំ​ឱ្យធ្វើ​តេស្ត​សំណាក B ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា​។ ទោះ​យ៉ាងណា​ក៏​ដោយ រដ្ឋមន្ត្រី​កីឡា​ថៃ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ណា​ហ្គូ​យ៉ា សម្រាប់​ព្រឹត្តិការណ៍ Asian Games ថ្លែង​ថា សំណាក B របស់​នាង​បាន​បង្ហាញ​លទ្ធផល​ដូច​គ្នា​នឹង​សំណាក​ដំបូង ពោល​នៅ​តែ​វិជ្ជមាន​សារធាតុ Furosemide ពិតមែន​។

លោក Surasak បាន​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​កំណត់​ការ​ពិន័យ​ដែល Pitchamon អាច​នឹង​ត្រូវ​ប្រឈម​មុខ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ នាង​ត្រូវ​តែ​ដោះស្រាយ​រឿង​នេះ តាម​រយៈ​ដំណើរការ​ប្ដឹង​ឧទ្ធរណ៍​។ ចំពោះ​របៀប​ដែល​សារធាតុ​នោះ​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​នាង លោក Surasak បញ្ជាក់​ថា អាច​មក​ពី​ថ្នាំ ឬ​ផលិតផល​គ្រឿងសម្អាង ដែល​ស្លាក​សញ្ញា​វា​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ពី​សារធាតុ​ហាមឃាត់​ក្នុង​គ្រឿងផ្សំ​នោះ​ទេ​។ លោក​បន្ថែម​ថា នេះ​អាច​មាន​ន័យ​ថា អត្ត​ព​លិ​ក​រូប​នេះ មិន​បានដឹង​ខ្លួន​ថា សារធាតុ​ហាមឃាត់​បាន​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​នាង​ឡើយ​៕