ការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងបញ្ចប់ដោយការបោះឆ្នោត ដើម្បីរក្សាភាពប្រកួតប្រជែង ជាប្រទេសរក្សាការងារដែលមានស្រាប់ និងអាចបង្កើតការងារថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាបានបន្ត ជាលើកទី៤ ហើយ និងជាលទ្ធផល តំណាងភាគីកម្មករនិយោជិត ដោយយោងលើមតិភាគច្រើននៃផ្ទៃក្នុងរបស់ខ្លួន បានស្នើតួលេខកំណើន ចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ ។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ និងរក្សាប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២,៥ដុល្លារអាម៉េរិក តាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយនេះគឺជាតួលេខដែលបានលើកឡើងកន្លងមក ។

តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឱ្យដឹងថា៖ «ជាស្មារតីរួម សមាជិកនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគាំទ្រដល់ការសម្រាលបន្ទុក ចំណាយរបស់បងប្អូនកម្មករនិយោជិត គ្រាន់តែវិធីសាស្ត្រនៃការសម្រាលបន្ទុកគឺផ្សេងៗគ្នា ។ សមាជិកខ្លះនៃអង្គប្រជុំ បើទោះបីជាជាក់ស្តែង បានដឹងច្បាស់ថា ប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងប្រទេសគូរប្រជែង របស់កម្ពុជាក៏ដោយ គឺបានស្នើវិធីសាស្ត្រកាត់បន្ថយបន្ទុក ចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការស្នើសុំដំឡើងប្រាក់ឈ្នួល ជាគំហុកបន្ថែមទៀត រីឯសមាជិកផ្សេងទៀត បានស្នើវិធីសាស្ត្រផ្សេង ក្នុងការកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត តាមរយៈរក្សាតួលេខដដែល ឬដំឡើងក្នុងកម្រិតសមរម្យណាមួយ ដើម្បីរក្សាភាពប្រកួតប្រជែង នៃប្រទេសរក្សាការងារដែលមានស្រាប់ និងអាចបង្កើតការងារថ្មី ជូនសមាជិកគ្រួសារម្នាក់ទៀត របស់បងប្អូនកម្មករនិយោជិត» ។

ឯកឧត្តម ហេង សួរ ក៏បានបញ្ចាក់ថា ជារួមភាគីរាជរដ្ឋាភិបាលនឹងបូកសរុបរបាយការណ៍ ដែលជាលទ្ធផលនៃកិច្ចប្រជុំចុងក្រោយថ្ងៃនេះ ជូនទៅសម្តេចប្រធានអង្គប្រជុំ ដើម្បីពិនិត្យនិងសម្រេចចុងក្រោយ ហើយយើងអាចនឹងមានគោលជំហរណាមួយ នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ ។

ជាមួយគ្នានេះផងដែរ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងថា៖ «យើងបានលើកឡើងពីកំណើនប្រាក់ឈ្នួលអប្បមរមា សម្រាប់ឆ្នាំ២០២៧ ក៏ពិតមែន តែយើងក៏ត្រូវពិនិត្យ ទៅលើភាពប្រកួតប្រជែងក្នុងតំបន់ផងដែរ យើងឃើញថាប្រទេសមួយចំនួន មានប្រាក់ឈ្នួលទាបជាងប្រទេសកម្ពុជា និងប្រទេសខ្លះទៀត ប្រហាក់ប្រហែលប្រទេសកម្ពុជា និងលើសកម្ពុជា។ អញ្ចឹងចំណុចទាំងអស់នេះ គឺយើងត្រូវការពិចារណាយ៉ាងជ្រាលជ្រៅបំផុត ជៀសវាងការពិចារណាណាមួយ ដែលធ្វើឱ្យបាត់បង់ស្ថិរភាពការងារ ក៏ដូចជាបាត់បង់ការងារ របស់បងប្អូនកម្មករនិយោជិត» ។

លោក គឹម ចាន់សំណាង បន្តថា នៅថ្ងៃទី៣០ នេះនឹងមានការជ្រើសរើស ឬបោះឆ្នោតសម្រេច ហើយបើក្នុងករណីបោះឆ្នោត ជាប់ក្នុងកម្រិតណាមួយក៏ដោយ ទាំងភាគីសហជីព ឬក៏ត្រីភាគីនឹងអាចទទួលយកបាន ចឹងគ្រប់គ្នាគួរតែទទួលស្គាល់នូវតួលេខ ដែលយើងបោះឆ្នោតបាន ។
លោក គឹម ចាន់សំណាង បន្ថែមថា ៖ «បើទោះបីជាលទ្ធផលបែបណា ភាគីសហជីពនឹងព្យាយាម ចូលរួមជាមួយរដ្ឋាភិបាល ក៏ដូចនិយោជក ក្នុងការពន្យល់បងប្អូនកម្មករនិយោជិតដើម្បីឱ្យមានការយល់គ្នា និងលើកទឹកចិត្តឱ្យពួកគាត់ខិតខំធ្វើការបន្តទៀត ដើម្បីទាក់ទាញនូវអ្នកវិនិយោគ ក៏ដូចជាការបញ្ជាទិញឱ្យកាន់តែច្រើនជាងនេះ» ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមសហជីពនៅតាមបណ្ដាប្រទេស ដូចជាបង់ក្លាដែស ស្រីលង្កា ហើយជាពិសេសនៅប្រទេស ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា បានគាំទ្រលើកទឹកចិត្ត និងជំរុញឱ្យកម្ពុជា ផ្ដល់ប្រាក់ឈ្នួលអប្បរមា ២៥០ដុល្លារ ។ តែយើងមើលឃើញថាប្រទេសរបស់គាត់នោះ គឺនៅតែអនុវត្តប្រាក់ឈ្នួលអប្បរមាប្រមាណ ក្រោម ១០០ ដុល្លារ ឬ ១០០ ជាងដុល្លារ តែប៉ុណ្ណោះ ។ ចឹងសួរថាហេតុអ្វីបានជាក្រុមសហជីព នៅប្រទេសនោះ ជំរុញឱ្យកម្ពុជាដែលមានប្រាក់ឈ្នួលអប្បរមា នៅពេលបច្ចុប្បន្ន ២១០ដុល្លារ បូកនឹង ១៩.៥ដុល្លារ ដែលជាប្រាក់ឈ្នួលបន្ថែមរួច ទៅហើយនោះ បន្តដំឡើងប្រាក់ឈ្នួលដែលជាប្រាក់ឈ្នួលខ្ពស់ ហួសពីសមត្ថភាពរបស់និយោជកបន្ថែមទៀត? ។

លោក សំ សឿន បានលើកជាចម្ងល់ថា តើចេតនារបស់ក្រុមសហជីពនៅប្រទេសមួយនោះ ចង់ជំរុញឱ្យអ្នកវិនិយោគ ឈប់វិនិយោគនៅកម្ពុជាឬ? ដើម្បីឱ្យគាត់បានឆក់ឱកាស ឱ្យអ្នកវិនិយោគទាំងអស់នោះ បង្វែរទិសដៅទៅរកការផ្ដល់ការវិនិយោគទៅលើការ ប្រើប្រាស់នូវកម្លាំងពលកម្ម ដែលមានកម្រិតទាបជាងនៅកម្ពុជាឬយ៉ាងណា? ។

ជាមតិលោក សំ សឿន បានបន្តថា៖ «ទាំងនេះខ្ញុំយល់ឃើញថា សហជីពដែលនៅតាមបណ្ដាប្រទេស ដូចបង់ក្លាដែស ស្រីលង្កា និងប្រទេសផ្សេងៗ ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា គួរជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន អនុវត្តបាននូវការដំឡើងប្រាក់ឈ្នួល ឱ្យបានទៀងទាត់ ដូចកម្ពុជា ហើយអនុវត្តឱ្យបានប្រាក់ឈ្នួលអប្បរមាជាង ២០០ ដុល្លារ ដូចកម្ពុជានាពេលបច្ចុប្បន្ននេះផង ដើម្បីសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនកម្មករនិយោជិត នៅប្រទេសខ្លួនឯងផងដែរ ។ ការយកចិត្តទុកដាក់ លើជីវភាពបងប្អូនកម្មករនិយោជិតនៅកម្ពុជា យើងខ្ញុំរីករាយណាស់ ហើយកោតសរសើរណាស់ តែការយកចិត្តទុកដាក់នេះគួរតែយកទៅគិតគូរដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតនៅប្រទេសរបស់ខ្លួន ដែលកំពុងតែទទួលបានប្រាក់ឈ្នួលអប្បរមា ទាបជាងកម្ពុជា រហូតដល់ជាងពីរដងឯនោះ» ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ